ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ មានករណីស្ត្រីម្នាក់ បានជិះម៉ូតូឡើងស្ពានជ្រោយចង្វារក្នុងគោលដៅពីកើតទៅលិច លុះដល់ចំណុចលើស្ពាន បានលោតទឹកបញ្ចប់ជីវិត ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សឿន គឹមលាង អាយុប្រមាណ ២៧ ឆ្នាំ បានជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GC- 0761 ធ្វើដំណើរពីរង្វង់មូលតាព្រហ្ម ឡើងស្ពានជ្រោយចង្វារ លុះជិតដល់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូហើយតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេដើម្បីបញ្ចប់ជីវិតតែម្ដង ដោយបន្សល់ទុកនូវម៉ូតូ និង ទូរស័ព្ទដៃមួយគ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងកែបម៉ូតូ។
ក្រោយកើតហេតុ និង ទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅយកម៉ូតូ និង សម្ភារៈដែលបានបន្សល់ទុក យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ និង ស្រាវជ្រាវរកបងប្អូនជនរងគ្រោះដើម្បីឱ្យមកទទួលយក៕