នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានឧតុនិយមរបស់ថៃ បានប្រកាសឱ្យដឹងថា ភាគខាងលើនៃប្រទេសថៃនឹងមានការវាយប្រហារពីព្យុះរដូវក្តៅនៅក្នុងថ្ងៃនេះ រហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥។

នាយកដ្ឋានឧតុនិយមបានឱ្យដឹងថា ភាគខាងលើនៃប្រទេស រួមមានតំបន់ភាគខាងជើង កណ្តាល និង ខាងត្បូង រួមទាំងទីក្រុងបាងកក និង តំបន់ជុំវិញ សរុប ៣៤ ខេត្ត នឹងទទួលរងការវាយប្រហារពីព្យុះរដូវក្ដៅនេះ ជាមួយគ្នាក៏នឹងមានភ្លៀងធ្លាក់ ដោយលាឡំជាមួយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និង អាចមានធ្លាក់ដុំគ្រាប់ទឹកកកនៅតំបន់មួយចំនួនទៀតផង។ ជាមួយនឹងព្យុះនេះ នាយកដ្ឋានក៏បានព្រមានផងដែរអំពីរលកកម្តៅ ដោយតំបន់មួយចំនួនអាចនឹងមានសីតុណ្ហភាពឈានដល់ជាង ៤០ អង្សាសេទៀត។

យ៉ាងណមិញ ព្យុះរដូវក្តៅនេះ បណ្តាលមកពីខ្យល់ត្រជាក់ពីប្រទេសចិន បានរាលដាលពាសពេញតំបន់ភាគឦសាន និង សមុទ្រចិនខាងត្បូង ដែលបង្កឱ្យមានខ្យល់បក់ពីទិសខាងកើត និង ភាគអាគ្នេយ៍ ហើយបាននាំឥទិ្ធពលមកគ្របដណ្តប់លើប្រទេសថៃភាគលើ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុងបាងកក និង ខេត្តមួយចំនួន បានរងគ្រោះដោយការរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ ដែលការរញ្ជួយនេះមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យបាក់អគារកម្ពស់ ៣០ ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្របានបាក់រំលំយ៉ាងរន្ធត់៕

ប្រភព៖ Khaosod