ជុំវិញរឿងរ៉ាវជីវិតឯកជនរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ប៉ុន្មានថ្ងៃនេះ មហាជនលើបណ្ដាញសង្គមបានផ្ទុះចាប់អារម្មណ៍ចែករំលែក និង វែកញែកខ្លាំង បន្ទាប់ពីបានឃើញនូវការបង្ហោះសារបន្តបន្តាប់របស់ស្វាមីកំពូលតារាចម្រៀងរូបនេះ គឺលោក អ៊ិត រ៉ាដា ដែលលើកឡើងពីជីវិតប្ដីប្រពន្ធអ្នកទាំងពីរ និង ទាក់ទងនឹងជំនឿមួយចំនួន។
បន្ទាប់ពីបានឃើញការបង្ហោះរបស់លោក អ៊ិត រ៉ាដា ជាស្វាមីហើយនោះ ស្រាប់តែនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ កំពូលតារាចម្រៀងស្រី មាស សុខសោភា ក៏បានធ្វើការឡាយវីដេអូនិយាយបកស្រាយ និង ឆ្លើយតបចំពោះការលើកឡើងរបស់ស្វាមីវិញផងដែរ។
លើសពីនេះ តាមរយៈពាក្យសម្ដីនិយាយក្នុងការឡាយវីដេអូរបស់អ្នកនាង មាស សុខសោភា ម្សិលមិញនេះ ត្រូវបានគេចាប់អារម្មណ៍ថា ទំនាក់ទំនងរវាងអ្នកនាង មាស សុខសោភា និង ស្វាមី ហាក់មានភាពរកាំរកូសគ្នាខ្លាំង រហូតអាចនឹងឈានដល់ដើរផ្លូវបំបែកទៀតផង។
ដោយឡែក ស្របពេលផ្ទុះរឿងរ៉ាវរកាំរកូសរវាងប្ដីប្រពន្ធរបស់កំពូលតារាចម្រៀងស្រីរូបនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចមិត្តអ្នកសិល្បៈមួយចំនួនបានផ្ទុះចែករំលែក និង បញ្ចេញមតិយោបល់លើកឡើងរៀងៗខ្លួន។
ក្នុងនោះដែរ ក៏បានឃើញតារាស្រី ញឹម ចាន់ថន ត្រូវជាមិត្តសម្លាញ់រាប់អានច្រើនឆ្នាំរបស់អ្នកនាង មាស សុខសោភា ក៏បានបង្ហោះរូបភាពជាមួយអ្នកនាង មាស សុខសោភា និង ស្វាមី ដោយលើកពីអត្តចរិតរបស់ប្ដីប្រពន្ធមួយគូនេះ សុទ្ធសឹងតែល្អៗ ស្មោះត្រង់ និង ធ្លាប់ជាប្ដីប្រពន្ធគំរូមួយគូ ដោយនាងមិនចង់ឃើញអ្នកទាំងពីរមានរឿងរ៉ាវបែបនេះឡើយ។
ការបង្ហោះនោះ កញ្ញា ញឹម ចាន់ថន បានរៀបរាប់ថា ៖ «មហាមិត្ត ២០ ឆ្នាំជាង ភាជាមនុស្សស្លូតត្រង់ ល្អចេះស្រឡាញ់មិត្តភក្តិ បងប្អូន និង អ្នកជុំវិញខ្លួន ខ្ញុំឃើញមិត្តមានក្ដីសុខ ខ្ញុំសប្បាយចិត្តណាស់ បងដាក៏ល្អ ខ្ញុំស្គាល់បងដាតាមភាយូរហើយ ចាប់ផ្ដើមស្នេហាដំបូង ពិតជាប្ដីប្រពន្ធល្អជាគំរូ សូមឱ្យស្រឡាញ់គ្នារហូតមិនចង់ឮពាក្យថាបែក សុទ្ធតែមនុស្សល្អៗ»៕