នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ មានករណីផ្ទុះបំពង់ឧស្ម័ននៅប្រទេសម៉ាឡេស៊ី ដែលបង្កទៅជាអគ្គិភ័យធ្ងន់ធ្ងរ និង បណ្តាលឱ្យមនុស្ស ១១២ នាក់បានរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅព្រឹកម៉ោង ៨ និង ១០ នាទីព្រឹក នៅ Putra Heights តំបន់ Subang Jaya, Selangor ដោយប្រភពនៃអគ្គិភ័យបានឆាបឆេះចេញពីការធ្លាយបំពង់ឧស្ម័នមួយកន្លែង ហើយបានរាលដាលទៅលើបំពង់ឧស្ម័នទាំងអស់ចំនួន ៥០០ ម៉ែត្រ។

ខាងពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ភ្លាមៗ ចំណែកឯក្រុមអ្នកសង្គ្រោះបន្ទាន់បានជម្លៀសអ្នកស្រុកនៅក្បែរនោះចាកចេញយ៉ាងលឿនដើម្បីទៅរកកន្លែងសុវត្ថិភាព ខណៈភ្លើងកំពុងរាលដាលខ្លាំង។ អគ្គិភ័យត្រូវបានពន្លត់ជោគជ័យនៅម៉ោងប្រហែល ១០ ព្រឹក តែយ៉ាងណាក៏ដោយមានអ្នករងរបួសចំនួន ១១២ នាក់ ដែលក្នុងនោះ ៦៣ នាក់របួសស្រាល ដោយឡែក ៥ នាក់ទៀត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយផ្ទះចំនួន ៤៧ ខ្នងបានទទួលរងការខូចខាត៕



ប្រភព៖ MalayMail