ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ច្បាស់ជាបានជ្រាបហើយថា ក្រៅពីមានបងប្រុសជាអតីតអ្នកនិពន្ធល្បីឈ្មោះ ខេមរៈ ភារុណ និង ប្អូនស្រីបង្កើតជាតារាចម្រៀង ដែលបានចែកឋានទៅ គឺកញ្ញា ខេមរៈ ស្រីពៅ នោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏នៅមានប្អូនស្រីជីទួតមួយម្នាក់ទៀតក៏ជាតារាចម្រៀងដែរ។

ក្នុងនោះ បើទោះជាប្អូនស្រីជីទួតមួយរូបនោះ ហាក់ជាសាច់ឆ្ងាយក៏ពិតមែន ប៉ុន្តែកន្លងមក ឧកញ៉ា ខេមរៈ សិរីមន្ត ក៏តែងបង្ហាញពីសមត្ថភាពរបស់ប្អូនស្រីជីទួតមួយ គឺតារាចម្រៀងស្រី អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា ប្រាប់មហាជនដូចគ្នាដែរ ខណៈកញ្ញា អ៊ីត ជូលីណា មានសំនៀងប្រហាក់ប្រហែលនឹង ខេមរៈ ស្រីពៅ។

ជាក់ស្តែង ក្រោយពីបានបោះជំហានចូលរួមប្រកួតកម្មវិធី Cambodian Idol រដូវកាលទី ៤ មិនបានលទ្ធផលល្អក្តី តែកញ្ញា អ៊ីត ជូលីណា បានបន្តដំណើរលើវិថីសិល្បៈក្លាយទៅជាតារាចម្រៀងអាជីពយ៉ាងមានប្រជាប្រិយភាព។ ក្នុងនោះ មហាជន តែងសម្គាល់ដូចគ្នាថា ក្រៅពីបទចម្រៀងនិពន្ធថ្មីខ្លួនឯង កញ្ញា អ៊ិត ជូលីណា និយមយកបទចម្រៀង កញ្ញា ខេមរៈ ស្រីពៅ មកច្រៀង ខណៈសំឡេងរបស់នាងស្រដៀងគ្នានឹងបងស្រីជីទួតមួយ៕




