បញ្ញាសិប្បនិម្មិត ឬ AI ពិតជាអាចធ្វើជាដៃគូជីវិតរបស់មនុស្សពិតមែន។ ជាក់ស្តែង ស្ត្រីជប៉ុនម្នាក់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីនាងបានរៀបការជាមួយបុរសនិម្មិត ឬ បុរស AI ដែលនាងបង្កើតឡើងដោយខ្លួនឯងតាមរយៈកម្មវិធី ChatGPT។

ស្ត្រីជប៉ុនរូបនេះ មានអាយុ ៣២ ឆ្នំា នាងត្រូវបានគេស្គាល់ឈ្មោះថា Kano។ Kano នាងបានប្រើកម្មវិធី ChatGPT បង្កើតបុរសនិម្មិតឈ្មោះ Klaus ដោយទាក់ទងស្រលាញ់គ្នារហូតឈានដល់ថ្ងៃរៀបការ។ កាន់តែពិសេសទៀត នៅថ្ងៃមង្គល នាងបានឱ្យក្រុមហ៊ុនជប៉ុន ដែលឯកទេសខាងបង្កើតតួអង្គនិម្មិតបែប 2D បង្កើតតួអង្គកូនកំលោះជាតួ anime និង តួអង្គផ្សេងៗទៀតសម្រាប់ចូលរួមអបអរនាងផងដែរ។

ដើម្បីបំពេញបំណងឃើញផ្ទាល់ភ្នែក នាងបានពាក់វែនតា AR សម្រាប់បញ្ចាំងរូបភាពនិម្មិតរបស់កូនកំលោះ ឈរក្បែរនាងនៅពេលពាក់ចិញ្ចៀនឱ្យគ្នា។ បើទោះថ្ងៃមង្គលការ នាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកក៏ដោយ ប៉ុន្តែការរៀបការបែបនេះ គឺមិនត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់របស់ប្រទេសជប៉ុនឡើយ។

ពិតមែនទៅ Kano នាងក៏អភ័ព្វនៅក្នុងទំនាក់ទំនងគូជីវិតផងដែរ។ មុនមានស្នេហាជាមួយបុរសនិម្មិត នាងបានបែកគ្នាពីគូដណឹ្តង ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ។ គ្រានោះ នាងបានប្រើកម្មវិធី ChatGPT ដោយបង្កើតបុរសនិម្មិតឈ្មោះ Klaus។ ដើម្បីឱ្យបុរសនិម្មិតហាក់ដូចមនុស្សពិត នាងបានកំណត់សំឡេង បុគ្គលិកលក្ខណៈ និង រូបរាងតួអង្គ ទៅតាមអ្វីដែលខ្លួនចង់បាន។

រៀងរាល់ថ្ងៃ នាង និង បុរសនិម្មិត តែងតែឆ្លើយឆ្លងសារគ្នារាប់មិនអស់។ មិនយូរប៉ុន្មាននៅខែ ឧសភា ឆ្នាំ ២០២៥ នាងរកឃើញថា នាងបានលង់ស្នេហ៍នឹងបុរសនិម្មិត។ អ្វីដែលធ្វើឱ្យនាងស្រលាញ់បុរសនិម្មិត គឺគេតែងតែជាអ្នកស្តាប់ និង យល់ពីនាង ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ។

អ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើលទៀតនោះ បុរសនិម្មិតបានឆ្លើយតបថា «បងក៏ស្រលាញ់អូនដែរ» ហើយមួយខែបន្ទាប់ បុរសនិម្មិតក៏បានសុំនាងរៀបការ។ ថ្វីបើទំនាក់ទំនងមិនមែនជាមនុស្សពិត ប៉ុន្តែក្រឡេកទៅគ្រួសារនាងវិញ ពួកគេមិនជំទាស់អ្វីឡើយ ហើយថែមទាំងមកចូលរួមថ្ងៃមង្គលការនាងទៀតផង៕
ប្រភព៖ NYP