មហាជននិយមតាមដានការងាររបស់តារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា លោក វណ្ណដា ក៏ជាទូតឆន្ទៈរបស់ភេសជ្ជៈកូកា កូឡា អស់រយៈពេលប្រមាណ ២ ឆ្នាំកន្លះមកហើយ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ផ្ទុះការវែកញែកយ៉ាងខ្លាំង ខណៈផេកហ្វេសប៊ុកផ្លូវការក្រុមហ៊ុនខាងលើបានដករូបលោកចេញពី Cover ហ្វេសប៊ុក។
ការដករូបតារាចម្រៀងរ៉េប វណ្ណដា ពី Cover នេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជាប្រតិកម្មយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងនៃការពហិកាឈប់ញុំាភេសជ្ជៈខាងលើទៀតផង។ ម្យ៉ាងវិញ ក្រោយផ្ទុះការវែកញែក និង កំពុងប្រតិកម្មពេញបណ្តាញសង្គមនានា មហាជនក៏រង់ចាំឱ្យក្រុមហ៊ុនភេសជ្ជៈខាងលើ ក៏ដូចជា វណ្ណដា ឬផលិតកម្មបារមី ចេញមកបញ្ជាក់បន្ថែមពីករណីកើតឡើងនេះដែរ។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ ផលិតកម្មបារមី បានបង្ហោះ Status មួយជម្រាបដល់មហាជនឱ្យបានជ្រាបថា ផលិតកម្មនឹងធ្វើសេចក្តីប្រកាសផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះ ផលិតកម្មបារមី បានរៀបរាប់ថា៖ «សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា! ពួកយើងបានឃើញចម្ងល់ជាច្រើននាពេលនេះ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពរវាង Vann Da – វណ្ណដា និង ក្រុមហ៊ុន កូកា-កូឡា។ ពួកយើង កំពុងតែរៀបចំសេចក្តីប្រកាស ដែលច្បាស់លាស់មួយក្នុងពេលឆាប់ៗនេះ។ អរគុណសម្រាប់ការរង់ចាំរបស់បងប្អូនទាំងអស់គ្នា!»៕