នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥។
យោងតាមការអង្កេត ពិនិត្យ និង វិភាគលើស្ថានភាពធាតុអាកាស និង អាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា ស្ថានភាពភ្លៀងកក់ខែ នឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនឹងគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា និង លាយឡំជាមួយខ្យល់កន្ត្រាក់ និង ផ្គររន្ទះ ដែលមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។
អាស្រ័យដូចនេះ ក្រសួងធនធានទឹក និង ឧតុនិយម ជូនដំណឹងដល់សាធារណជន និង អាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ខណៈកន្លងមកចាប់ពីថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ ភ្លៀងកក់ខែបាន គ្របដណ្តប់លើ ៤៥ ខណ្ឌ/ស្រុក ក្នុង ១៥ រាជធានី/ខេត្ត៕