បច្ចេកវិទ្យាកាន់តែទំនើប ជនខិលខូច ក៏កាន់តែមានឱកាស ជាពិសេសការបោកប្រាស់ទិញទំនិញតាមប្រព័ន្ធអនឡាញ។ ជាក់ស្តែង ថ្មីៗនេះមានផេកហ្វេសប៊ុកបោកប្រាស់មួយ ឈ្មោះ Ten11 luxury ដែលដាក់លក់សម្លៀកបំពាក់យុវវ័យ សំខាន់រូបភាពប្រូហ្វាល់ប្រើរូបផ្លាកយីហោ Ten11 ស្រដៀងទៅនឹងប្រ៊េនល្បីក្នុងស្រុក។

ផេកនេះធ្វើការឆ្លើយឆ្លងដូចអ្នកលក់ធម្មតា ហើយរាល់ការទិញតម្រូវបង់លុយមុន តែក្រោយពេលបង់លុយរួច ផេកនេះនឹងក៏ធ្វើការប្លុកអ្នកទិញចោលតែម្តង។ ជាក់ស្តែង ថ្មីៗនេះមានករណីអតិថិជនម្នាក់បានបង្ហាញពីដំណើរដើមទងដែលខ្លួនបានផុងខ្លួនចាញ់បោកផេកមួយនេះ ដោយបានឆាតជជែកគ្នាក្នុងការទិញសម្លៀកបំពាក់ ប៉ុន្តែផេកនេះបានលួងលោមឱ្យបង់លុយមុន លុះពេលអ្នកទិញបានបង់លុយរួច ក៏ឆាតលែងតប មិនបានអីវ៉ាន់ហើយថែមទាំងប្លុកអ្នកទិញចោលទៀត។
តាមរយៈករណីនេះដែរ អាចចាត់ទុកជាបទពិសោធមួយសម្រាប់អតិថិជនក្រោយៗទៀតដែលមានបំណងចង់បញ្ជាទិញអ្វីមួយពីផេកនេះ ហើយបានឃើញផេកនេះសូមប្រិយមិត្តប្រុងប្រយ័ត្នទាំងអស់គ្នា៕






