ក្នុងសម័យកាលឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប និង ជឿនលឿននឹកស្មានមិនដល់ ស្របពេលដែលមានជនខិលខូចមួយចំនួនបានប្រើប្រាស់ល្បិចកលយកបច្ចេកវិទ្យាធ្វើជាការឆបោកយកប្រាក់ទៅវិញ ខណៈកន្លងមកយើងសង្កេតឃើញមានកើតឡើងជាច្រើនករណីផងដែរ ពិសេសគឺការឆបោកតាមរយៈការទិញលក់ទំនិញតាមប្រព័ន្ធអនឡាញ ដូចជាតាមគណនីហ្វេសប៊ុក និង Tiktok ជាដើម។
ក្នុងនោះផងដែរ ថ្មីៗនេះមានប្រជាពលរដ្ឋម្នាក់ បានបញ្ចេញមតិចោទជាសំណួរទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថាក្នុងករណីខ្លួនចង់ដាក់ពាក្យបណ្ដឹងសម្រាប់ផេកដែលបោកប្រាស់ អាចទៅដាក់នៅកន្លែងណាបាន?
ក្នុងនោះ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឆ្លើយតបបញ្ជាក់ឱ្យបានដឹងថា ប្រសិនបើបងប្អូនបានជួបដូចករណីខាងលើនេះ គឺអាចទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ ស្ថិតនៅអគារ L ជាន់ទី២ បត់ឆ្វេង រួចទៅកាន់បន្ទប់ដែលនៅខាងចុងគេ៕