នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំចាក់ដែលអាចបង្ការមេរោគអេដស៍ហៅថា «ថ្នាំកាបូតេត្រាវៀ» គ្រោងនឹងដាក់ឱ្យដំណើរការ នៅអំឡុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
តាមប្រភពព័ត៌មាន លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការនាំយកថ្នាំចាក់មកកម្ពុជានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជា ខណៈការឆ្លងថ្មី នៃមេរោគអេដស៍ហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ លោកបានបន្តថា ថ្នាំចាក់នេះ អាចការពារមេរោគអេដស៍បានរយៈពេល ២ ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹពសម្រាប់លេបក្រោយរួមភេទ ៧២ ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្ថិភាពដូចជា ស្រោមអនាម័យដាច់រហែក និង ភ្លេចពាក់ស្រោមអនាម័យជាដើម។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបន្ថែមថា ជំហានដំបូងនៃការចាក់នេះផងដែរ គឺនឹងជ្រើសរើសមនុស្ស ៧ ០០០ នាក់ ដែលមានដៃគូច្រើនជាមុនសិន ព្រោះថាពួកគេប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយត្រូវចាក់ ១ ខែ ម្តង បន្ទាប់មកទៀត ចាក់ ២ ខែ ម្តង នៅតាមគ្លីនិកចំនួន ៣ នៅរាជធានីភ្នំពេញ រួមមាន ៖
– គ្លីនិកបង្ការ ថែទាំ និង ព្យាបាលបន្ត
– គ្លីនិកឈូកស
- និង គ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ។
បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត ក៏បានលើកឡើងពីថ្នាំដែលចាក់ផងដែរថា មានឈ្មោះ «ថ្នាំកាបូតេត្រាវៀ» ជាថ្នាំចាក់នៅត្រគាក និង សាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និង អាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ ខណៈជំងឺស្វាយ និង ជំងឺកាមរោគផ្សេងទៀត មិនអាចការពារបានទេ ហើយមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលនឹងរៀបចំជាគោលការណ៍ណែនាំ និង លក្ខខណ្ឌមួយចំនួនសិន ថាតើបុគ្គលណាខ្លះដែលអាចចាក់មុន នឹងដាក់ជូនក្រសួងសុខាភិបាលសម្រេចចុងក្រោយ៕
ប្រភព ៖ កម្ពុជាថ្មី