នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកទុកជាមេរៀន បន្ទាប់ពីមានស្ត្រីម្នាក់ ចែករំលែកបទពិសោធន៍ដែលកូនស្រីជាទីស្រឡាញ់បានពុលសារជាតិគីមី ដែលបានរក្សាទុកនៅក្នុងប្រហិត បន្ទាប់ពីកូនស្រីបានទិញញ៉ាំនៅសាលារៀន។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈស្ត្រីជាម្ដាយដែលមានគណនីឈ្មោះ ស្រី ណែត បានបង្ហោះរូបកូនស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ភ្ជាប់ជាមួយសារចែករំលែកជាមេរៀនថា ៖ «បងៗ នេះជាការចែករំលែក កូនស្រីខ្ញុំទៅសាលារៀនគាត់បានទិញប្រហិតប៉ាតេក្រហមធំញ៉ាំ រួចក៏ពុលសារជាតិគីមី ដែលរក្សាទុកក្នុងប្រហិតដែលកុំឱ្យខូច។ ពេលដែលគាត់ញ៉ាំរួចមានអាការចុកពោះ ណែនទ្រូង វិលមុខ ក្អួតមិនចេញ បត់ជើងមិនចេញ បន្ទាប់មកក៏ឡើងក្រហមពេញស្បែក»។
ស្ត្រីជាម្ដាយបានបន្តថា ករណីនេះគឺជាការបង្ហោះចែករំលែកទៅដល់ម៉ាក់ប៉ាដែលមានកូនតូចៗទៅសាលារៀន សូមកុំឱ្យពួកគេទិញញ៉ាំឱ្យសោះ ខណៈករណីនេះជាសំណាងហើយ ដែលខ្លួនបានបញ្ជូនកូនទៅមន្ទីរពេទ្យទាន់ពេលវេលា៕