ជារឿងរ៉ាវមួយដ៏គួរឱ្យហួសចិត្តមិនតិចឡើយនៅប្រទេសឥណ្ឌា ដែលមានស្រ្តីម្នាក់ចាប់បានថាប្តីលួចទៅរៀបការស្រីថ្មី មានអីខឹងពេកទ្រាំមិនបាន ស្រាប់តែដោះស្បែកជើងចូលវាយប្តីផ្អើលពេញរោងការ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅរដ្ឋ Karnataka ប្រទេសឥណ្ឌា។ ក្នុងនោះ បុរសជាកូនកំលោះបានកំពុងតែចូលពិធីមង្គលការជាមួយនឹងកូនក្រមុំ ស្រាប់តែលេចមុខស្រ្តីម្នាក់ ដែលអះអាងខ្លួនជាប្រពន្ធកូនកំលោះ រស់នៅជាមួយគ្នាជាង ៤ ឆ្នាំ បានចូលមកអុកឡុកនៅក្នុងរោងការ។
ស្រ្តីជាប្រពន្ធបានចូលទៅរកកូនកំលោះ ហើយបានស្រែកឡូងៗថាគេរៀបការក៏ព្រោះតែចង់បានលុយថ្លៃទឹកដោះ ហើយក្រោយទៀត នាងក៏ទ្រាំមិនបាន ក៏បានដោះស្បែកជើងវាយកូនកំលោះមិនដកដៃ ដែលធ្វើឱ្យផ្អើលអស់ភ្ញៀវនៅក្នុងរោងការតែម្តង។ ដោយឡែក ខាងកូនក្រមុំវិញបានត្រឹមតែឆ្ងល់ហួសចិត្ត ព្រោះមិនដឹងថាកូនកំលោះធ្លាប់មានប្រពន្ធពីមុនឡើយ ហើយស្ថានការណ៍ក៏កាន់តែធ្ងន់ធ្ងរ រហូតដល់ប៉ូលិសចូលមកអន្តរាគមន៍៕
ប្រភព៖ Khaosod