នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងពីករណីស្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹងបាត់ប្ដីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ស្របពេលដែលបុរសជាប្ដី ត្រូវបានឃាត់ខ្លួននៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ករណីវាយប្លន់យកទូរស័ព្ទ។
ទាក់ទិនទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា បុរសដែលបាត់ពីផ្ទះមិនដឹងមូលហេតុ ត្រូវបានប្រពន្ធទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យជួយស្វែងរក ខណៈបុរសម្នាក់នោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទជនរងគ្រោះ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៣០នាទី នៅចំណុចភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនសង្ស័យ ដែលត្រូវជាប្ដីស្ត្រីខាងលើ មានឈ្មោះ ណូ នេត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើសនាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ នៅមុខច្រកចូលលំនៅដ្ឋានវាលស្បូវ ផ្លូវបេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីចាត់ការតាមនីតិវិធី៕