រយៈពេលជិត ១ ខែហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព រូបសម្រស់ និង ចំណេះដឹង គឺអ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា។ រីឯចំពោះបវរកញ្ញាជើងខ្លាំង ២ រូបទៀត ដែលមានតំណែងជាលំដាប់រងទី ១ បានទៅលើកញ្ញា សុគា គឹមលាង និង លំដាប់រងទី ២ បានទៅលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ក្រៅពីម្ចាស់ជ័យលាភីកំពូលៗ ក្នុងការប្រកួតកម្មវិធីនេះដែរ បើងាកទៅចាប់អារម្មណ៍លើបេក្ខភាពដ៏លេចធ្លោកញ្ញា រ៉េត ស្រីនាថ ក៏ត្រូវបានមហាជនអ្នកគាំទ្ររបស់នាងសោកស្ដាយដែរ ដោយកញ្ញាពុំទទួលបានលទ្ធផលល្អដូចការរំពឹងទុក ខណៈប៉ះសុទ្ធតែជើងខ្លាំងៗពេញដោយសមត្ថភាពដូចគ្នា នាងទទួលបានត្រឹម Top 10 នៃ MUC 2025 ប៉ុណ្ណោះ។
យ៉ាងណាមិញ ដ្បិតតែអាចឈានចូលបានត្រឹម Top 10 នៃ Miss Universe Cambodia 2025 មែន ប៉ុន្តែកញ្ញា រ៉េត ស្រីនាង ក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនជាច្រើនចំពោះសមត្ថភាពរបស់នាង ជាពិសេសក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នាងថែមទាំងទទួលបានពានរង្វាន់ចំនួន ២ ទៀតគឺ Miss Public Speaking និង Miss Confidence។
ដោយឡែក មកដល់ថ្មីៗនេះ ក្រោយប្រកួតចប់ជិត ១ ខែ តាមរយៈការចែករំលែកពីការបង្ហោះមួយរបស់បវរកញ្ញា រ៉េត ស្រីនាថ លើបណ្ដាញសង្គម រៀបរាប់ពីអារម្មណ៍ពិតចំពោះលទ្ធផលនៃការប្រកួតរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើល ដោយនាងបង្ហាញការខកចិត្ត និង សោកស្ដាយខ្លាំងដែលចូលរួមប្រកួតក្នុងកម្មវិធីនេះ ខណៈនាងតាំងចិត្តប្រឹងប្រែងពង្រឺងសមត្ថភាពជាច្រើនឆ្នាំ ដើម្បីចូលរួមការប្រកួតលើកចុងក្រោយ ដែលខ្ជះខ្ជាយទាំងកម្លាំងកាយចិត្ត ពេលវេលា ការងារ តែចុងក្រោយមិនទទួលបានអ្វីសោះ។
ក្នុងនោះ រ៉េត ស្រីនាថ ក៏បង្ហាញពីការរំពឹងក្នុងគំនិតរបស់ខ្លួនដែរថា គួរតែមានតំណែងល្អណាមួយសម្រាប់នាង ខណៈនាងមានគ្រប់លក្ខណៈ ទាំងសម្រស់ ចំណេះដឹង សមត្ថភាព ភាពឆ្លាតវៃ និង ធ្វើតាមលក្ខខណ្ឌនៃកម្មវិធីទាំងអស់ តែចុងក្រោយបែរជាទទួលបានលទ្ធផលនឹកស្មានមិនដល់ទៅវិញ៕