ថ្មីៗនេះ មានប្តីប្រពន្ធជនជាតិអូស្រ្តាលីមួយគូ បានទម្លាយបទពិសោធដ៏ព្រឺក្បាលនៅលើយន្តហោះ ដោយត្រូវអង្គុយជិតសាកសពស្រ្តីម្នាក់ដែលខ្យល់គស្លាប់នៅលើនោះភ្លាមៗ ទម្រាំតែដល់កន្លែងគោលដៅ។

តាមព័ត៌មានបានឱ្យដឹងថា ជើងហោះហើរនេះជារបស់ក្រុម Qatar Airway គឺធ្វើដំណើរចេញពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់ទីក្រុង Doha ប្រទេសកាតា។ ប្តីប្រពន្ធមួយរូបនេះបានរៀបរាប់ថា ខណៈធ្វើដំណើរបានប្រហែល ១០ ម៉ោងទៅហើយ ស្រាប់តែមានស្រ្តីម្នាក់បានសន្លប់បាត់មាត់នៅជិតកន្លែងពួកគេអង្គុយ នៅពេលដែលនាងត្រឡប់មកពីបន្ទប់ទឹកវិញ។ ខាងបុគ្គលិកបានខំជួយសង្រ្គោះបឋមដែរ តែជាអកុសលនាងក៏បាត់បង់ជីវិតទៅ។

ក្នុងនោះអ្នកស្លាប់គឺជាមនុស្សស្រីដែលមានមាឌធំ ដែលធ្វើឱ្យបុគ្គលិកពិបាកនឹងនាំគ្នាលើកនាងទៅកន្លែងនាងអង្គុយណាស់ ហើយចៃដន្យអីកន្លែងនៅជិតកៅអីអង្គុយរបស់ប្តីប្រពន្ធមួយគូនេះនៅទំនេរ ទើបគេសុំឱ្យអ្នកទាំងពីរខិតទៅម្ខាងទៀត ហើយក៏បានលើកសាកសពដាក់នៅលើកៅអីនោះ។
ប្តីប្រពន្ធទាំងគូមានការតក់ស្លុតមិនតិចឡើយ លើសពីនេះទៅទៀត ពួកគេនៅលើយន្តហោះទាល់តែខាងប៉ូលិស និង គ្រូពេទ្យចុះមកត្រួតពិនិត្យសពរួចរាល់ទៀតផង។ ប្តីប្រពន្ធទាំងគូបានសម្តែងការអន់ចិត្តរបស់ខ្លួនថា ខាងបុគ្គលិកមិនគួរឱ្យពួកគេដូរកន្លែងអង្គុយសោះ ទាំងដែលមានកន្លែងផ្សេងនៅទំនេរ ពោលគឺត្រូវអង្គុយជិតសាកសពរហូតដល់ទៅ ៤ ម៉ោង៕

ប្រភព៖ Khaosod