នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ស្របពេលកំពុងមានការផ្ទុះអាវុធនៅតាមព្រំដែន ដែលកងទ័ពថៃបានបាញ់មកខ្មែរមុន និង កងទ័ពខ្មែរកំពុងវាយបកការឈ្លានពានទៅកាន់ភាគីថៃវិញនោះ ឃើញថាប្រជាជនខ្មែរលើបណ្ដាញសង្គមទូទាំងប្រទេស កំពុងបង្ហោះចែករំលែកបង្ហាញការបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធ តាមជួយថែរក្សារដល់បងប្អូនកងទ័ពខ្មែរជួរមុខឱ្យមានសុវត្ថិភាពជាបន្តបន្ទាប់។
ក្នុងនោះ ស្របពេលអ្នកក្នុងសិល្បៈជាច្រើនកំពុងចែករំលែកបួងសួង បើក្រឡេកមើលហ្វេសប៊ុករបស់ពិធីការិនី ប៉ែន ស្រីពេជ្រ វិញ ក៏កំពុងបង្ហាញការបួងសួង ដែលបានឱ្យដឹងថាលោកប៉ាបង្កើតរបស់អ្នកនាង ក៏ជាកងទ័ពជួរមុខកំពុងប្រយុទ្ធផ្ទាល់នៅព្រះវិហារ ដែលអ្នកនាងបានធ្វើការបួងសួងដល់វត្ថុស័ក្កិសិទ្ធិជួយតាមថែរក្សាលោកប៉ា និង កងទ័ពខ្មែរទាំងអស់នៅតាមព្រំដែនឱ្យមានសុខសុវត្ថិភាព។
សារនោះ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះរៀបរាប់ថា ៖ «សូមព្រះអង្គ ទសពិតបារមីវត្ថុស័ក្ដិសិទ្ធ គ្រប់ទិសទី ថែរក្សាប៉ាខ្ញុំ និង ពូៗកងទ័ពជួរមុខទាំងអស់គ្រប់ច្រក មានសុវត្ថិភាពផង សូមឱ្យប៉ាប្រយុទ្ធឈ្នះអស់មារសត្រូវ ដែលតែងតែឈ្លានពានចង់បានទឹកដីខ្មែរ ប៉ាខ្ញុំកំពុងប្រយុទ្ធផ្ទាល់ លើភ្នំខ្មោច (កងចក្រ)»៕