ពិតជាមោទកភាពសម្រាប់កម្ពុជា ដែលកាលពីថ្មីៗនេះ តារាចម្រៀងរ៉េបស្រីជួរមុខនៅកម្ពុជា គឺ ទេព បូព្រឹក្ស បានចេញទៅសម្តែងនៅលើឆាកប្រគំតន្ត្រីលក្ខណៈអន្តរជាតិ នៅក្នុងកម្មវិធី ROUND Festival 2025 នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ចំណោមតារាសិល្បៈមកពីជាង ១០ ប្រទេស ក្នុងនោះ ទេព បូព្រឹក្សា បានតំណាងឱ្យកម្ពុជា ដោយបានពាំនាំការសម្តែងដ៏អស្ចារ្យ ដែលជាការរួមបញ្ចូលគ្នានូវសិល្បៈវប្បធម៌ និង សម័យ មានទាំងការច្រៀង សម្លៀកបំពាក់ ការបង្ហាញរបាំអប្សរា និង ល្ខោនខោល ដែលធ្វើឱ្យបរទេសផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង។
ជាការពិត កម្មវិធី ROUND Festival ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសកូរ៉េ និង ប្រជាជាតិអាស៊ាន តាមរយៈការបង្ហាញតន្ត្រី និង វប្បធម៌ចម្រុះ។ ហេតុដូច្នេះ តាមរយៈការសម្តែងដ៏អស្ចារ្យរបស់ ទេព បូព្រឹក្ស ពិតជាធ្វើឱ្យបរទេសស្គាល់សិល្បៈវប្បធម៌កម្ពុជាកាន់តែច្បាស់ ហើយក៏បង្ហាញពីឥទ្ធពលនៃសិល្បករកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
អាចថា ទេព បូព្រឹក្ស ជាសិល្បករចម្រៀងស្រីមានសមត្ថភាពខ្លាំងតាំងពីចាប់ផ្តើមដំបូង។ តួយ៉ាង នាងជាតារាចម្រៀង និង រ៉េបរបស់ខ្មែរ ដែលបានឆក់យកប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅកម្ពុជា ជាមួយនឹងស្ទីលប្លែកគេ ដែលរួមបញ្ចូលគ្នានូវធាតុផ្សំតន្ត្រីសម័យ និង ប្រពៃណី ចាប់តាំងពីនាងចេញបទដំបូង “No More Lonely” ក្នុងឆ្នាំ ២០១២។ ចាប់តាំងពីពេលនោះមក នាងបានចេញបទល្បីៗជាច្រើនរួមមាន “My Songsa” និង ”Top of the Lady” និង បានឈ្នះពានរង្វាន់ចំនួន ៣ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា។ ក្នុងនោះមានពានរង្វាន់៖ the Fleming Music Awards, Song of the Year និង Music Video of the Year។
ជាពិសេស បទ «ទេវរាជ» ត្រូវបានគេចាត់ទុកថា ជាស្នាដៃសិល្បៈមួយដែលបានទម្លុះព្រំដែនប្រកបដោយការច្នៃប្រឌិត និង រម្លឹកដល់បេតិកភណ្ឌរបស់ប្រទេសកម្ពុជា ដែលបានឈរលើកំពូលតារាងតន្ត្រីរយៈពេលប្រាំបួនសប្តាហ៍។
នៅឆ្នាំ ២០២៣ នាងត្រូវបានជ្រើសរើសជាសិល្បករស្រីឆ្នើមប្រចាំឆ្នាំ និង ជាសិល្បករស្រីហ៊ីបហបតំណាងឱ្យកម្ពុជា ដើម្បីបន្តជំរុញ និង បង្កើតអនាគតនៃវប្បធម៌ចម្រៀងប៉ុប និង ហ៊ីបហបនៃកម្ពុជា៕