និយាយពីបវរកញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 បន្ទាប់ពីឮដំណឹងថាទទួលបានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិម្ដងទៀត កាលពីថ្មីៗកន្លងទៅ បវរកញ្ញារូបនេះ បានធ្វើឱ្យមហាជនហាក់ស្ដាយទៅវិញ ខណៈនាងបានចេញប្រកាសមិនអាចតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 នេះបាន ដែលត្រូវបានគេដឹងថាព្រោះតែនាងមានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅឯសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍កម្មវិធីប្រកួត Miss World Cambodia 2025 វិញ មកដល់ថ្មីៗនេះ ក៏បានប្រកាសលើហ្វេសប៊ុកផេក រកឃើញម្ចាស់គ្រងមកុដថ្មីជាផ្លូវការហើយ តាមរយៈការសម្ភាសផ្ទាល់ជាមួយគណៈកម្មការ ដែលម្ចាស់មកុដប្រចាំឆ្នាំ ២០២៥ នេះ បានទៅលើស្រីស្អាតកូនខ្មែរកាត់អង់គ្លេសកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា។
ចំពោះតំណែងជាម្ចាស់មកុដថ្មីនៃ Miss World Cambodia 2025 នេះ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនលើបណ្ដាញសង្គមចែករំលែកបង្ហាញការអបអរគាំទ្រពេញចិត្តចំពោះភាពស័ក្តិសមរបស់នាង ទាំងរូបសម្បត្តិ និង ចំណេះដឹង តែយ៉ាងណាក្នុងនោះក៏មានមតិវែកញែកខ្លះៗផងដែរ។
ជាមួយគ្នានោះ ក្រឡេកមើលហ្វេសប៊ុកផេករបស់បវរកញ្ញា ហង្ស ម៉ានីតា ក្នុងនាមជារៀមច្បងមួយរូប ក៏បានឃើញនាងចែករំលែកបង្ហាញការអបអរគាំទ្រយ៉ាងកក់ក្ដៅបំផុត និង ជូនពរចំពោះម្ចាស់មកុដថ្មី Miss World Cambodia 2025 កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា ផងដែរ។ សារនោះ កញ្ញា ហង្ស ម៉ានីតា បានរៀបរាប់ថា ៖ «Please give her a big hug support and best wishes for your up coming pageant Julia Russell – រ៉ូសស្យែល ហ្សូលីយ៉ា»៕