បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងលុយមូលនិធិ Gun Jompalang ត្រូវបានមហាជនគ្រប់ទិសទីព្រួតរិះគន់ លើសពីនេះទៀតអ្នកដែលធ្លាប់បរិច្ចាគជាច្រើននាក់ក៏ចាប់ផ្តើមសង្ស័យ ហើយអ្វីកាន់តែហួសចិត្តនោះ គឺតា Nawat ដែលជាមេ Miss Grand បានស្រែកក្តែងៗទារលុយចំនួន ១៥០០ ដុល្លារ ដែលខ្លួនធ្លាប់បរិច្ចាគនៅកាន់មូលនិធិពី Gun Jompalang វិញទៀតផង។

ក្នុងនោះដែរ Gun Jompalang បានតបទៅកាន់តា Nawat នៅក្នុងសន្និសិទ្ធិកាសែតកាលពីពេលកន្លងទៅនេះថា លុយដែលតា Nawat បានបរិច្ចាគមកនោះ វាយូរណាស់ហើយ ហើយក៏បានយកទៅធ្វើផ្លូវអស់ទៅហើយដែរ តែបើតា Nawat នៅតែទទូចចង់បាន ខ្លួននឹងសុខចិត្តដកលុយផ្ទាល់ខ្លួនឱ្យទៅវិញ។ ក្រោយមក Gun Jompalang ក៏បានបញ្ជាក់ថា ខ្លួនបានបាញ់លុយចំនួន ៥០ ០០០ បាត ដែលស្មើប្រមាណ ១៥០០ ដុល្លារឱ្យទៅកុងធនាគាររបស់តា Nawat វិញរួចរាល់ហើយ។

ក្រោយពីនោះស្រាប់តែតា Nawat បានផុសសម្តែងការមិនពេញចិត្តយ៉ាងផាំងៗនៅតាមបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនមិនចង់បានលុយផ្ទាល់ខ្លួនរបស់ Gun Jompalang នោះទេ គឺត្រូវការលុយផ្ទាល់ចេញពីមូលនិធិ ដើម្បីឱ្យក្រុមហ៊ុនរបស់ខ្លួនឈប់មានការពាក់ព័ន្ធជាមួយរឿងនេះតទៅទៀត៕

