ជាការពិតណាស់ ការទទួលទានអាហារ និង ភេសជ្ជៈ ពិតជាមានឥទ្ធិពលខ្លាំងចំពោះសុខភាពលោកអ្នក ខណៈបើទទួលទានអាហារ ឬ ភេសជ្ជៈធម្មជាតិ នឹងនាំមកនូវសុខភាពល្អ រីឯការទទួលទាននូវអាហារដែលមានជាតិខ្លាញ់ពេក ប្រៃពេក ឬ ភេសជ្ជៈប្រភេទកំប៉ុងមានជាតិផ្អែមៗ គឺអាចនាំឱ្យសុខភាពរបស់អ្នកថយចុះ ឬមានបញ្ហាផ្សេងៗជាដើម។
នេះដូចទៅនឹងករណីរបស់ស្ត្រីមួយរូប ដែលម្ដាយមីងបង្កើតចូលចិត្តពិសាគ្រឿងកំប៉ុងរាល់ថ្ងៃ បណ្ដាលឱ្យមានជំងឺវាយលុកពេញខ្លួនប្រាណ រួមទាំងពិការមួយកំណាត់ខ្លួនផងដែរ។ ជាក់ស្ដែងតាមរយៈគណនីដែលមានឈ្មោះ Seng Srey Oun បានបង្ហោះរូបភាព និង សារចែករំលែកដល់អ្នកចូលចិត្តទទួលទានគ្រឿងកំប៉ុង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ រៀបរាប់ពីករណីម្ដាយមីងបង្កើតរបស់នាងថា ម្ដាយមីងផឹកគ្រឿងកំប៉ុងរាល់ថ្ងៃ លើសពី ៤ កំប៉ុងក្នុង ១ ថ្ងៃ ធ្វើឱ្យជាតិស្ករឡើងដល់ជិត ១០០០ ដែលជាទូទៅ ត្រឹម ១០០ ជាងប៉ុណ្ណោះសម្រាប់អ្នកមានសុខភាពល្អធម្មតា។
តាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នម្ដាយមីងបង្កើតរបស់នាងមានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម ហើយតែមួយប៉ប្រិចភ្នែក ស្រាប់តែពិការមួយកំណាត់ខ្លួន ដើរលែងកើត ចុងក្រោយពាក្យមួយម៉ាត់ ដែលបានឮគឺមិនអាចបកក្រោយ ត្រូវត្រៀមចិត្ត៕