មកដល់ពេលនេះ កម្មវិធីប្រកួតអន្តរជាតិដ៏អស្ចារ្យ Miss Universe 2025 លើកទី ៧៤ បាន និង កំពុងដំណើរការប្រកួតលើវិញ្ញាសាជាបន្តបន្ទាប់សម្រាប់បេក្ខភាពបវរកញ្ញា ដែលមានកម្មវិធីជួបជុំគ្នា ដើរទស្សនកិច្ចផ្សេងៗ ព្រមទាំងកំពុងតែបង្ហាញសមត្ថភាពហ្វឹកហាត់បន្ថែម ត្រៀមសម្រាប់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២១ ខែវិច្ចិកា ឆ្នាំ ២០២៥ ខាងមុខ។


ក្រឡេកទៅចាប់អារម្មណ៍បវរកញ្ញាកម្ពុជា អ្នកនាង ហ្វីយ៉ាតា វិញ ក៏កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរពីសកម្មភាពរបស់អ្នកនាង ដែលបវរកញ្ញាដ៏មានសក្ដានុពលរូបនេះ មានភាពជឿជាក់ ស្វាហាប់ ក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង និង ការរៀបចំខ្លួនឆ្វាចៗលេចធ្លោខ្លាំង។

ងាកមកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាលើបណ្ដាញសង្គមវិញ ក៏កំពុងបង្ហោះចែករំលែកនូវសកម្មភាពរបស់បវរកញ្ញា ហ្វីយ៉ាតា ភ្ជាប់ជាមួយនឹងក្ដីមោទកភាពស្ងើចសរសើរ និង ជួយលើកទឹកចិត្តតាមរយៈបណ្ដាញសង្គមផ្សេងៗជាបន្តបន្ទាប់។


ស្របពេលកម្មវិធីកំពុងដំណើរការប្រកួតនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាសិល្បករកម្ពុជា និង បុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើនរូប កំពុងខ្នះខ្នែងខ្លាំងទាក់ទងនឹងដំណើរការបោះឆ្នោតឱ្យអ្នកនាង ហ្វីយ៉ាតា ខណៈកម្មវិធី Miss Universe មានការបើកឱ្យបោះឆ្នោតគាំទ្រចំពោះបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដើម្បីអាចឈានចូល Top ណាមួយនៃកម្មវិធីប្រកួត។

ជាក់ស្ដែង មុននេះ ក៏បានឃើញហ្វេសប៊ុកផេករបស់អ្នកជំនួញអនឡាញល្បីឈ្មោះ លោកស្រី ឡាយ ស៊ូយៀក បានចូលរួមជាថវិកាចំនួន ៥០០០ ដុល្លារ ជួយ Vote ឱ្យបវរកញ្ញា ហ្វីយ៉ាតា ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះ ដែលជាចំណែកមួយជួយផ្ដល់កម្លាំងចិត្តដ៏ធំសម្រាប់បវរកញ្ញារូបនេះ។


ក្នុងនោះ ចែយៀក បានបង្ហោះរៀបរាប់ថា ៖ «5000$ សម្រាប់ការ Vote វគ្គទី ១ ពី (Miss Sunflower ) ពួកយើង មិនចោលអ្នកទេ Fiyata – ហ្វីយ៉ាតា ប្រឹងឡើងក្នុងនាមជាជនរួមជាតិ សូមចូលរួមលើកទឹកចិត្តពីចម្ងាយ មិនដឹងទេថា Queen ជួបរឿងអ្វីខ្លះ កំឡុងពេលប្រកួត តែស៊ូជម្នះវាឱ្យបាន ពួកយើងនៅចាំមើល និង ជាកម្លាំងចិត្តពីក្រោយ We love you ប្រទេសយើងតូច តែបេះដូងពួកយើងធំទូលាយណាស់»៕



