ស្របពេលកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Universe 2025 បានចាប់ផ្ដើមដំណើរការប្រកួត ដែលបេក្ខភាពបវរកញ្ញាជុំវិញពិភពលោកបានទៅដល់ប្រទេសថៃចូលកងប្រកួតបាន ២ ថ្ងៃ មកដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លើបណ្ដាញសង្គមអ្នកគាំទ្រវិស័យបវរកញ្ញាទូទាំងប្រទេស កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងជុំវិញរឿងរ៉ាវវាងផេកស្ថាប័ន Miss Universe Thailand និង ស្ថាប័ន Miss Universe។


ជុំវិញរឿងរ៉ាវនេះ តាមរយៈផេកផ្លូវការរបស់កម្មវិធី Miss Universe បានចេញសេចក្តីថ្លែងការណ៍ផ្លូវការទាំងព្រឹក ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដើម្បីដោះស្រាយ និង បញ្ជាក់ពីការបង្ហោះលើបណ្តាញសង្គមថ្មីៗរបស់ផេកផ្លូវការ Miss Universe Thailand ដែលផ្សព្វផ្សាយកម្មវិធី vote ដើម្បីបានញុំាអាហារពេលល្ងាច និង ជជែកកម្សាន្តជាមួយតា Nawat។


ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមការងាររៀបចំ MU សូមរំឭកដល់សាធារណជនថា ចំពោះព្រឹត្តិការណ៍ សកម្មភាព ឬ គំនិតផ្តួចផ្តើមតាមបណ្តាញសង្គមណាមួយ ដែលមិនត្រូវបានប្រកាសតាមផេកផ្លូវការរបស់ស្ថាប័ន Miss Universe គឺគ្មានការអនុញ្ញាតទេ ពោលគឺកម្មវិធី និង ព័ត៌មានពិតប្រាកដធ្វើការបង្ហោះឡើងលើផេកផ្លូវការ Miss Universe តែមួយគត់ និង សូមឱ្យបណ្តាផេកនានាលុបចេញជាបន្ទាន់។

ក្រោយការបង្ហោះផ្លូវការពីខាងស្ថាប័ន MUO មិនបានប៉ុន្មាន ខាង Miss Universe Thailand ក៏បានចេញលិខិតផ្លូវការឆ្លើយតបទៅខាងស្ថាប័ន MUO វិញ ដោយបកស្រាយអះអាងថា យុទ្ធនាការចុច «Like» លើបណ្ដាញសង្គមដើម្បីបានញ៉ាំអាហារពេលល្ងាច និង ជជែកកម្សាន្តជាមួយតា Nawat នេះ គឺជាផ្នែកមួយនៃកញ្ចប់ទីផ្សារផ្លូវការដែលរៀបចំឡើងឱ្យប្រទេសជាម្ចាស់ផ្ទះ។ ដូច្នេះមានន័យថា ពួកគេគឺមានសិទ្ធិក្នុងការគ្រប់គ្រង រៀបចំសកម្មភាពផ្សព្វផ្សាយនានាបានក្នុងដែនដីប្រទេសរបស់ខ្លួន។

ជាមួយគ្នានោះដែរ ខាង MUT ក៏បានរៀបរាប់ទៀតថា សេចក្ដីប្រកាសរបស់ MUO នាពេលថ្មីៗនេះ គឺបានធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើពួកគេ ទាំងដែលការពិត សកម្មភាពរបស់ពួកគេធ្វើតាមសិទ្ធិដែលផ្ដល់ឱ្យក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនេះ ខាង MUT ថែមទាំងចង់លេងតាមផ្លូវច្បាប់លើខាងស្ថាប័ន MUO ដោយពួកគេបានបញ្ជូនបញ្ហានេះទៅឱ្យខាងក្រុមផ្នែកច្បាប់របស់ខ្លូនឱ្យពិនិត្យមើលថាលើបញ្ហានេះមានប៉ះពាល់ដល់ sponsors ថៃរបស់ពួកគេទេ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ ប្រសិនបើមានការចាំបាច់។

ក្រោយមានការបង្ហោះលិខិតឆ្លើយតបទៅមករវាងម្ចាស់កម្មវិធី Miss Universe និង ស្ថាប័ន Miss Universe Thailand ពេលនេះដែរ មហាជនអ្នកតាមដានវិស័យបវរកញ្ញាទូទាំងពិភពលោក កំពុងចាប់អារម្មណ៍ចែករំលែកភ្ជាប់ជាមួយមតិវែកញែករៀងៗខ្លួន ដោយភាគច្រើនមហាជនកំពុងមានចម្ងល់ពីការរៀបចំដំណើរការប្រកួត ជាពិសេសជុំវិញការលើកឡើងនៃសិទ្ធម្ចាស់ផ្ទះរបស់ MUT ក្នុងការប្រកួត MU ផងដែរ៕

