កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃមានករណីស្រ្តីជាបុគ្គលិកធនាគារម្នាក់ បានលួចដកលុយពីកុងរបស់ភ្ញៀវជាង ២០ ម៉ឺនដុល្លារ យកទៅទិញផ្ទះទិញឡាន និង បញ្ជូនកូនទៅរៀននៅក្រៅប្រទេស តែចុងក្រោយត្រូវប៉ូលិសក្របួចបាន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងធនាគារមួយកន្លែងនា Sichon ខេត្ត Nakhon Si Thammarat ដោយកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ខាងអ្នកចាត់ការរបស់ធនាគារបានរកឃើញថាមានភ្ញៀវម្នាក់បានផ្ញើលុយចេញពីកុងយ៉ាងចម្លែក ដោយបានផ្ញើចេញរហូតដល់ ៨ លានបាត ឬប្រមាណ ២.៣ សែនដុល្លារ ទៅកាន់កុងមួយទៀត នៅធនាគារដដែលតែសាខាផ្សេង។
ខាងអ្នកចាត់ការក៏បានមកដាក់ពាក្យប្តឹងប៉ូលិស ព្រមទាំងបានពិនិត្យកាមេរ៉ាសុវត្ថិភាពទៅក៏ឃើញថាម្ចាស់កុងមិនបានមកដកលុយផ្ញើចេញដោយខ្លួនឯងនោះទេ តែជាស្នាដៃរបស់ស្រ្តីបុគ្គលិកធនាគារម្នាក់ ដែលនាងបានលួចកាតរបស់អ្នករួមការងារមកធ្វើការដកលុយចេញ។ យ៉ាងណាមិញ នៅពេលដែលគេហៅនាងមកសួរចម្លើយ នាងបានសារភាពឱ្យដឹងថា នាងពិតជាបានប្រព្រឹត្តរឿងនេះពិតមែន ព្រោះតែគ្រួសារកំពុងខ្វះខាតលុយ ដោយនាងបានយកលុយទាំងនោះទៅទិញផ្ទះ ទិញឡាន និង បញ្ជូនកូនទៅរៀននៅក្រៅប្រទេស។ ដោយឡែក ចុងក្រោយនាងក៏ត្រូវបានប៉ូលិសឃុំខ្លួន ដើម្បីត្រៀមកាត់ទោសពីបទលួចទ្រព្យសម្បត្តិតាមច្បាប់៕
ប្រភព៖ Kapook