និយាយពីបវរកញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 អាចចាត់ទុកជាបវរកញ្ញាចក្រវាលមួយជំនាន់មានសក្កានុពលខ្លាំងក្នុងចិត្តមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ដែលស្រឡាញ់ចូលចិត្តជាមួយសមត្ថភាព ទេពកោសល្យ រូបសម្រស់ និង ចំណេះដឹងដ៏លេចធ្លោរបស់នាង។

មកដល់ពេលនេះ រំលង ៣ ជំនាន់ហើយ ក្នុងនាមជាបវរកញ្ញាចក្រវាលកម្ពុជាម្នាក់ ដ្បិតតែបវរកញ្ញារូបនេះ ស្ងប់ស្ងាត់មិនសូវឃើញមានសកម្មភាពច្រើនលើបណ្ដាញសង្គមដូចបវរកញ្ញាដទៃ ប៉ុន្តែ ហង្ស ម៉ានីតា បញ្ចេញរូបភាព ក៏ដូចជាសកម្មភាពម្ដងៗ ឃើញថាទទួលបានការចាប់អារម្មណ៍ចែករំលែកខ្លាំងពីមហាជន។

លើសពីនេះ ហង្ស ម៉ានីតា ក៏តែងធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន បង្ហាញក្ដីនឹករឭក និង ចង់ឱ្យនាងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាវិញ ដែលចង់ឃើញនាងប្រកួតកម្មវិធីបវរកញ្ញាណាមួយម្ដងទៀត ព្រោះស្ដាយសមត្ថភាព និង ចង់ឃើញនាងឈរលើឆាកអន្តរជាតិលើកមុខមាត់ប្រទេសជាថ្មី។

យ៉ាងណាមិញ កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ម៉ានីតា ក៏ធ្លាប់ទទួលបានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិម្ដងទៀតដែរក្នុងកម្មវិធី Miss World 2025 ប៉ុន្តែពេលនោះនាងធ្វើឱ្យមហាជនហាក់ស្ដាយទៅវិញ ដែលនាងមិនអាចចូលរួមប្រកួតលើឆាកអន្តរជាតិបាន ព្រោះតែនាងមានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅឯសហរដ្ឋអាមេរិក។


ដោយឡែក ក្រោយពីស្ងប់ស្ងាត់ពីវិស័យបវរកញ្ញាទៅនៅក្រៅប្រទេសមួយរយៈ មកដល់ថ្មីៗនេះ កញ្ញា ហង្ស ម៉ានីតា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈបានឃើញនាងបង្ហាញវត្តមានយ៉ាងស្រស់ស្អាតជាពិធីការិនីលើកដំបូងជាមួយរៀមច្បង រ៉េត សារីតា នៅលើឆាកបវរកញ្ញាកម្មវិធី Miss Cambodia ដែលបវរកញ្ញារូបនេះ ក៏មានទេពកោសល្យមិនធម្មតាដែរលើអាជីពនេះ៕










