ជាការពិតណាស់ មហាជននិយមតាមដានវិស័យបវរកញ្ញា និង អ្នកគាំទ្រ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា បាន និង កំពុងបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ខណៈមានអ្នកសារព័ត៌មានថៃមួយរូប បានប្រើពាក្យមិនសមរម្យមកកាន់នាង ក្នុងន័យចំអកឡកឡាយ កាលពីរាត្រីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងនោះដែរ ក្រោយទទួលបានពាក្យសម្ដីឡកឡាយពីអ្នកសារព័ត៌មានជនជាតិថៃរូបនោះហើយ បវរកញ្ញាចក្រវាល មកពីបណ្តាប្រទេសនានា ព្រមទាំងអ្នកគាំទ្រជាច្រើនមិនត្រឹមតែបានបង្ហាញអារម្មណ៍មិនពេញចិត្តនោះទេ តែក៏បានលើកទឹកចិត្តទៅកាន់ Miss Universe Cambodia 2025 ដែលត្រូវមកជួបបញ្ហាដដែលៗបែបនេះជាលើកទី ៣ ហើយ។

ក្រឡេកទៅមើលបវរកញ្ញាកម្ពុជា ២ រូប រួមមាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា អ៊ិន លក្ខិណា ក៏បានបង្ហោះសារលើកទឹកចិត្ត អ្នកនាង ហ្វីយ៉ាតា ពីចម្ងាយដូចគ្នាដែរ ដោយក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា៖ «Miss Universe គឺជាវេទិកាមួយ ដែលបង្ហាញពីភាពរួមចម្រុះ, ការរួមបញ្ចូល ,ការរួបរួម និង ការពង្រឹងអំណាចរបស់ស្ត្រី។ មិនគួរមានចំណុចការរើសអើង ការរំលោភបំពាន ឬ ការរើសអើងជាតិសាសន៍ឡើយ។ ក្នុងនាមយើងជាមនុស្ស យើងគួរលើកតម្កើង និង អបអរចំពោះគ្នាទៅវិញទៅមក ដើម្បីសមភាព និង យុត្តិធម៌។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប និង ជាប្អូនស្រី ខ្ញុំសូមគាំទ្រដោយអស់ពីចិត្ត និង ការពារ Queen របស់យើង ដែលតំណាងឱ្យកម្ពុជាយើងដោយមោទកភាព និង ដឹងគុណនៅលើឆាកពិភពលោកនេះ។ សូមផ្ញើក្តីស្រលាញ់ទៅកាន់ Queen របស់យើង និង គាំទ្រដំណើររបស់បងស្រី»។


ដោយឡែក កញ្ញា អ៊ិន លក្ខិណា ក៏បានបង្ហោះរៀបរាប់ថា៖ «ស៊ូស៊ូបងស្រី Fiyata – ហ្វីយ៉ាតា នាងមកទីនេះ គ្រាន់តែចង់តំណាងឱ្យប្រទេសជាតិរបស់នាង ដោយមានមោទកភាព និង ភាពអស្ចារ្យ។ គ្មាននរណាម្នាក់គួរត្រូវទទួលរងការប្រមាថ ឬស្អប់ខ្ពើម ដោយសារតែអត្តសញ្ញាណរបស់ខ្លួនឡើយ។ ទោះបីជានាងឈឺចាប់ក៏ដោយ នាងនៅតែឈរមានកម្លាំង ដូចជានិមិត្តរូបនៃភាពរឹងមាំ ភាពស្រស់ស្អាត និងចិត្តខ្មែរដ៏មាំមួន»៕



