កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនៅក្នុងរង្វង់សិល្បៈបានចូលរួមជូនពរដល់ តារាកំប្លែងជើងចាស់ នាយកុយ ដោយលោកបានបង្ហោះសារជម្រាបដំណឹងពីសុខភាព ដែលត្រូវចូលបន្ទប់វះកាត់ជាបន្ទាន់។
ក្នុងនោះ មុននឹងវះកាត់ នាយកុយ បានបង្ហោះសារ និង រូបភាពគេងលើគ្រែក្នុងមន្ទីរពេទ្យថា៖ «សូមអធ្យាស្រ័យទៅដល់បងប្អូន ដែលជួលខ្ញុំបាទ ដោយសារតែខ្ញុំមានបញ្ហាសុខភាពត្រូវធ្វើការវះកាត់ជាបន្ទាន់»។
ដោយឡែក ក្រោយការវះកាត់បានប្រមាណ ៣ ថ្ងៃ នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ មហាជនក៏បានបង្ហាញក្តីបារម្ភជាថ្មី ក្រោយឃើញរូបភាពនៅលើគ្រែរបស់ នាយកុយ មួយសន្លឹកទៀត ដោយបានបង្ហោះឡើយដោយតារាកំប្លែង នាយ សង់សេដ្ឋ កូនប្រុសលោកតា សង់ស៊ីស និង ភ្ជាប់ជាមួយពាក្យពេចន៍រៀបរាប់ថា៖ «សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយថែក្សាលោកគ្រូធំ កុយ ឆាប់បានជាសះស្បើយ»។ លើសពីនោះ គេក៏បានឃើញ អ្នកនាង ខាត់ សុឃីម និង សិល្បករសិល្បការិនីបានចូលទៅជូនពរឱ្យ នាយកុយ ឆាប់ជាសះស្បើយផងដែរ។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែល មហាជនក៏មានអារម្មណ៍ធូរចិត្ត ក្រោយឃើញស្ថានភាពសុខភាពរបស់ នាយកុយ បានប្រសើរឡើង បន្ទាប់ពីកូនៗរបស់តារាកំប្លែងជើងចាស់រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្រោយឪពុកភ្ញាក់ពីសន្លប់ និង បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់មកបន្ទប់អ្នកជំងឺទូទៅវិញ។ គួរជម្រាបថា តារាកំប្លែងជើងចាស់ នាយកុយ បានប្រកាសចូលវះកាត់កាត់ដុំសាច់ក្នុងក្រពះភ្លាមៗ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ៕