ថ្មីៗនេះ មានករណីថ្មីដែលធ្វើឱ្យកក្រើករង្វង់សាសនាក្នុងប្រទេសថៃ ដោយអាជ្ញាធររកឃើញថាមានស្រ្តីម្នាក់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងព្រះសង្ឃឋានៈធំៗនៅក្នុងប្រទេសថៃជាច្រើនអង្គ ព្រមទាំងចាប់បានថាមានវីដេអូ និង រូបភាពជាង ៨ ម៉ឺនសន្លឹកនៅក្នុងទូរស័ព្ទ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានអាយុ ៣៥ ឆ្នាំ ត្រូវបានគេឱ្យរហ្សសនាមថា ឧបាសិកា Golf ឬ នារីពិឃាតសង្ឃ។ នាងគឺជាអ្នកមកពីខេត្តភីជិត ប្រទេសថៃ ដែលបានកើតនៅក្នុងគ្រួសារអ្នកក្រខ្សត់ ហើយក៏មិនបានរៀនសូត្រឱ្យចប់ចុងចប់ដើម។ នាងបានសម្រេចចិត្តឡើងមកទីក្រុងបាងកក ដើម្បីធ្វើការរកស៊ីចិញ្ចឹមគ្រួសារ តែក្រោយមកក៏បានកើតគំនិតទៅទាក់ទងជាមួយព្រះសង្ឃជាច្រើនអង្គ ដោយប្រើវីធីជាអ្នកធ្វើបុណ្យធ្វើទានដើម្បីចូលទៅស្និទ្ធស្នាលជាមួយនឹងព្រះសង្ឃ រហូតដល់ការមានស្នេហា និង ផ្តល់លុយកាក់ចិញ្ចឹមនាង ដល់នាងមានបានធូរធារមិនធម្មតា។
ដោយឡែក បើក្រឡេកទៅមើលមុខមាត់របស់ឧបាសិកា Golf កាលពីជាង ១០ ឆ្នាំមុន សង្កេតឃើញថានាងមានសម្រស់មិនធម្មតាឡើយ ហើយក៏បានយកសម្រស់នេះទៅធ្វើជាធ្នាក់ទាក់ចិត្តព្រះសង្ឃរហូតឈានដល់ការខុសធម៌វិន័យ។ យ៉ាងណាមិញ មកទល់ពេលនេះ អាជ្ញាធរបានរកឃើញអត្តសញ្ញាណព្រះសង្ឃចំនួន ៨ អង្គ ដែលបានទាក់ទងជាមួយនាងហើយ ហើយព្រះសង្ឃអង្គខ្លះក៏បានទទួលកំហុស ព្រមទាំងបានសឹករួចរាល់ រីឯខ្លះទៀតអាជ្ញាធរកំពុងតែរកភស្តុតាងបន្ថែម៕