នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានផ្សាយផ្ទាល់ស្តីពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥។

តាមរយៈការផ្សាយផ្ទាល់ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដូចតទៅ ៖
១. នៅវេលាម៉ោង ៤៖០០ នាទីព្រឹក រថយន្តធុនធំចំនួន ២ គ្រឿង របស់យោធាថៃ បានដឹកកងកម្លាំងរបស់ខ្លួន ពីភ្នំរើងចូលក្នុងតំបន់អានសេះ
២. នៅវេលាម៉ោង ៥៖០៤ នាទីព្រឹក យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ២០-២៥ គ្រាប់
៣. នៅវេលាម៉ោង ៥៖១៩ នាទីព្រឹក យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣៨ គ្រាប់
៤. នៅវេលាម៉ោង ៥៖២៥ នាទីព្រឹក យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយប្រើកាំភ្លើងដៃ និង កាំភ្លើងយន្ត ចំនួនប្រហែល ១២០ គ្រាប់
៥. នៅវេលាម៉ោង ៥៖៤០ នាទីព្រឹក យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានការវិវត្តន៍នៅតាមបណ្ដោយព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់បំផុត
៦. នៅវេលាម៉ោង ៦៖១៣ នាទីព្រឹក យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀត ដោយប្រើប្រាស់កាំភ្លើង MT60 ចំនួន ៣ គ្រាប់
៧. នៅវេលាម៉ោង ៦៖២០ នាទីព្រឹក យោធាថៃបានបាញ់កាំភ្លើងត្បាល់ចំនួន ៤ គ្រាប់ និង កាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមកម្ពុជានៅតំបន់អានសេះ
៨. នៅវេលាម៉ោង ៦៖៥១ នាទីព្រឹក យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលតំបន់ប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះ
៩. នៅវេលាម៉ោង ៧៖៤០ នាទីព្រឹក យោធាថៃបានបន្តបាញ់ប្រហារគ្រប់គោលដៅមានមុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នា ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ មីលីម៉ែត្រ រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅក្នុងតំបន់អានសេះ
១០. នៅវេលាម៉ោង ៨៖១០ នាទីព្រឹក យោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោចយ៉ាងច្រើន
១១. នៅវេលាម៉ោង ៨៖១៤ នាទីព្រឹក យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ
១២. នៅវេលាម៉ោង ៨៖៤១ នាទីព្រឹក យោធាថៃបាននៅតែបន្តបាញ់ បានបាញ់ផ្លោង និង បាញ់បុកយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេច ចន្លោះថ្មដូន និង ប្រាសាទតាមាន់ បច្ចុប្បន្នយន្តហោះធោធាថៃ បានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
១៣. នៅវេលាម៉ោង ០៩៖០៥ នាទីព្រឹក យោធាថៃបានវាយប្រហារមកលើកម្លាំងកម្ពុជា ដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំង F-16 បន្ថែមទៀត នៅក្នុងភូមិសាស្ត្រស្រុកស្រអែម ខេត្តព្រះវិហារ
១៤. នៅវេលាម៉ោង ០៩៖៣០ នាទីព្រឹក យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តទៀត នៅតំបន់ប្រាសាទខ្នា អូរស្មាច់ យោធាថៃបានប្រើប្រាស់ប្រភេទកាំភ្លើង ១២,៧ រួមទាំងរថក្រោះ បាញ់បំបុកបន្ថែមទៀត
១៥. នៅវេលាម៉ោង ១០៖០០ នាទីព្រឹក យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើប្រាស់កាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បំបុកពិសេស នៅតំបន់អានសេះ និង ប្រាសាទព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានបន្តថា គិតត្រឹមនៅវេលាម៉ោង ១១៖០០ នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា និង លើទីតាំងរបស់ជនស៊ីវិលរបស់កម្ពុជានៅឡើយ៕
