អាកាសយានិក អាចថាជាអាជីពមួយដែលខ្ពង់ខ្ពស់ ទាមទារសមត្ថភាពខ្លាំង ហើយក៏តម្រូវចំណាយច្រើនលើការសិក្សា។ តែយ៉ាងណាមិញ កូនខ្មែរមួយចំនួន ដែលមានមហិច្ឆតាលើជំនាញនេះ នៅតែអាចឈោងចាប់វាបាន ដែលបានក្លាយជាធនធានដ៏សំខាន់ អភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា។ យើងសូមលើកពីអាកាសយានិក ៣ រូប ដែលពួកគេសុទ្ធតែក្មេងវ័យ ការសិក្សាខ្ពង់ខ្ពស់ បច្ចុប្បន្នកំពុងបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ល្បីៗនៅកម្ពុជា។
១. អាកាសយានិក លឹម រាជ្ជត្តា
អាកាសយានិក លឹម រាជ្ជត្តា មានវ័យប្រហែល ២៥ ឆ្នាំ។ ចាប់ពីខែ មករា ឆ្នាំ ២០២០ ដល់ខែ មីនា ឆ្នាំ ២០២៥ លោកបានចូលបម្រើការងារក្នុងតំណែងជាមន្ត្រី First Officer នៅក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air។ ហើយចាប់ពីខែ មីនា មក លោកបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី AirAsia Cambodia។ លោកបានបញ្ចប់ការសិក្សាជំនាញបើកបរយន្តហោះ នៅសាលាអាកាសចរណ៍ Epic Flight Academy នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។


២. អាកាសយានិក លីម ជុងយី
វ័យទើបតែជាងម្ភៃឆ្នាំ លីម ជុងយី គឺជាអាកាសយានិកកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air)។ លោកបានចាប់ផ្តើមការងារហោះហើរចាប់តាំងពីឆ្នាំ២០២០ មក ដោយកាន់យន្តហោះប្រភេទ A320 និង បានបញ្ជាហោះហើរទៅកាន់ប្រទេសផ្សេងៗដូចជា វៀតណាម កូរ៉េ ចិន ឥណ្ឌា ចិន និង ឌូបៃជាដើម។ ចំពោះចំណេះដឹងហោះហើរ លោកបានសិក្សានៅប្រទេសវៀតណាមរយៈពេល ៧ ខែទៅលើទ្រឹស្តីនៅ សាលា Viet Flight Training បន្ទាប់មកបន្តទៅសហរដ្ឋអាមេរិក អនុវត្តលើការបើកបរយន្តហោះខ្នាតតូចរយៈពេល ១ ឆ្នាំនៅមហាវិទ្យាល័យ Aviator College។


៣. អាកាសយានិក ប៊ុត ឃុនម៉ានិត
តាមរយៈគណនី LinkedIn បច្ចុប្បន្ន អាកាសយានិក ប៊ុត ឃុនម៉ានិត កំពុងបម្រើការងារតំណែង First Officer និង ជាអ្នកគ្រប់គ្រងទំនាក់ទំនងរដ្ឋបាល នៅក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលចូលបម្រើការកាលពីខែ តុលា ឆ្នាំ ២០២៣ មក។ មុនផ្លាស់ប្តូរមកក្រុមហ៊ុននេះ លោកបានធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានរយៈពេលជិត ៥ ឆ្នាំផងដែរ។ ចំពោះការសិក្សា នៅឆ្នាំ ២០១៣ លោកបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកគ្រប់គ្រង និង គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ California State University San Marcos, ឆ្នាំ ២០១៥ បញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រអាកាសចរណ៍ ខាងអាកាសចរណ៍ និង គ្រប់គ្រងលំហអាកាស នៅសាកលវិទ្យាល័យ Embry-Riddle Aeronautical University នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក, ឆ្នាំ ២០១៨ ទទួលសញ្ញាបត្រអាកាសចរណ៍ខាង អាកាសចរណ៍ ពាណិជ្ជកម្ម និង អ្នកបើកយន្តហោះអាជីព នៅសាលា Australian Airline Pilot Academy, និង ឆ្នាំ ២០១៩ បានបញ្ចប់វគ្គសិក្សា Airbus A320 Type Rating នៅមជ្ឈមណ្ឌល Airbus Jakarta Training Center៕


