មានរឿងរ៉ាវដ៏គួរឱ្យអាណិតមួយនៅប្រទេសចិន ដែលម្តាយស្រក់ទឹកភ្នែកហៅកូនមកវិញមក ក្រោយពីគំរាមឱ្យនាងយកប្តី រហូតដល់នាងរត់ចេញពីផ្ទះបាត់ជិត ២០ ឆ្នាំ។
ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា កាលនោះ កូនស្រីច្បងរបស់ខ្លួនមានវ័យ ២២ ឆ្នាំ និងធ្វើការជាគិលានុបដ្ឋាកយិកាក្នុងគ្លីនិកមួយកន្លែង តែក្រោយមកសុខៗនាងក៏លាឈប់ ដោយមិនប្រាប់អ្នកផ្ទះសោះ។ រឿងនេះ បានធ្វើឱ្យឪពុកម្តាយមានការបារម្ភជាខ្លាំង ព្រោះអត់ទាំងការងារ អត់ទាំងសង្សារ ទើបបង្ខំឱ្យកូនស្រីទាក់ទងជាមួយនឹងមនុស្សប្រុសដែលខ្លួនរើសឱ្យ តែនាងមិនព្រមដាច់អហង្ការ។ ឪពុកម្តាយក៏ខឹងសម្បា ព្រមទាំងនិយាយថារកកាត់កាលនាងចោល នាងឈឺចាប់ពេក ក៏រត់ចេញពីផ្ទះមែន ដោយមិនបានសូម្បីតែយកអត្តសញ្ញាណប័ណ្ណទៅតាមខ្លួន។
ដំបូងឡើយ ឪពុកម្តាយស្មានថានាងនឹងត្រឡប់មកវិញ តែយូរទៅកាន់តែបាត់នាងឈឹង ទើបប្តឹងប៉ូលិសឱ្យតាមរក តែទោះតាមរកយ៉ាងណាក៏មិនឃើញ។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះ យាយបង្កើតរបស់នាងក៏គ្រាំចិត្តរហូតដល់ស្លាប់ នៅពេលដឹងថាចៅបាត់ចេញពីផ្ទះ ចំណែកឯឪពុកនាងវិញ បានចេញតាមរកកូនគ្រប់តំបន់ រហូតថ្ងៃមួយក៏ត្រូវឡានបុកស្លាប់នៅតាមផ្លូវ។ យ៉ាងណាមិញ មកទល់ពេលនេះ ស្រ្តីជាម្តាយនៅតែតាមរកកូនស្រី ព្រមទាំងទទួលកំហុសរបស់ខ្លួន ដោយសង្ឃឹមថាបានជួបកូនស្រីម្តងទៀតមុននឹងខ្លួនស្លាប់៕
ប្រភព៖ Khaosod