នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ១-២ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន ២៥ គ្រាប់ ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥ មម។


ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗ ចំនួន ៣ ទៀត ត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និង រឹតបន្តឹងហាមប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។


ឆ្លៀតឱកាសនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង ៧៧ ភូមិ នៅខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ សូមរំឭកថា កាលពីថ្ងៃទី ២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ ១០ ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់ និង ឪពុករងរបួសធ្ងន់ធ្ងរ៕
