សារព័ត៌មាន MS News បានរាយការណ៍ពីករណីដ៏មិនគួរឱ្យនឹកស្មានរបស់បុរសម្នាក់នៅប្រទេសឥណ្ឌូនេស៊ី ដែលបានដើរចាប់សត្វឆ្មាមកសម្លាប់ពន្លះយកសាច់ រួចដើរលក់បោកគេថាជាសាច់ចៀម។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅក្នុងទីក្រុងប៉ាកាអាឡាំ ខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដោយបុរសខាងលើនេះមានវ័យ ៥៥ ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកលក់ដូរសាច់មួយរូប។ បុរសនេះត្រូវបានគេឃើញថា បានដើរចាប់សត្វឆ្មា ហើយលួចយកទៅសម្លាប់ស្ងាត់ៗនៅក្រោមស្ពានមួយកន្លែង រួចក៏បានពន្លះយកសាច់យកទៅលក់ ដោយបោកប្រាស់អ្នកទិញថាជាសាច់ចៀម។
យ៉ាងណាមិញ ក្រោយពីបែកធ្លាយបុរសរូបនេះត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង រួមទាំងភស្តុតាងជាសត្វឆ្មាជាច្រើនក្បាល និងកាំបិតដែលប្រើសម្លាប់ពួកវាកន្លងមក។ បុរសនេះបានសារភាពថា គេបានធ្វើរឿងនេះតាំងពីខែមេសាមកម្ល៉េះ ព្រោះតែពិបាករឿងលុយកាក់ ហើយបានសម្លាប់ឆ្មាអស់ជាង ១០០ ក្បាលទៅហើយ ហើយសាច់ដែលយកទៅលក់នោះគឺបានដាក់ស្លឹកក្រូចសើចដើម្បីបំបាត់ក្លិនកុំឱ្យអ្នកទិញចាប់បានទៀតផង៕
ប្រភព៖ Kapook