នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានករណីក្មេងស្រីវ័យ ២១ ឆ្នាំម្នាក់ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដែងក្ដីសោកសង្រេង និង ចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសព។
តាមរយៈប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ មានករណីក្មេងស្រីវ័យ ២១ ឆ្នាំម្នាក់ បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិត ដោយមិនទាន់ដឹងពីមូលហេតុឡើយ ដែលហេតុការណ៍នេះ បានកើតហេតុនៅបណ្ដោយផ្លូវជាតិលេខមួយ ត្រង់ចំណុចលើស្ពានហាយវេ ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្រោយទទួលបានដំណឹងនេះ មិត្តក្នុងបណ្ដាញសង្គមរបស់នារីរងគ្រោះដែលបានគិតខ្លី បាននាំគ្នាចូលរួមរំលែកទុក្ខ និង ចោទជាសំណួរថាហេតុអ្វីទើបនាងគិតខ្លីបែបនេះ? តែបើតាមគណនីហ្វេសប៊ុកសពផ្ទាល់ មុនសម្រេចចិត្តគិតខ្លី រូបនាងក៏បានបង្ហោះសារលើគណនីឈ្មោះ Ely Vut Soren នៅវេលាទៀបភ្លឺ ម៉ោងជាង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ថា ៖ «Bye Bye»។
ក្រៅពីនោះ គណនីសពក៏បានបង្ហោះ Story ជាវីដេអូដើរម្នាក់ឯងនៅយប់ម៉ោង ៣ ទៀបភ្លឺ ព្រមទាំងបានបង្ហោះវីដេអូមួយទៀតជាមួយសារថា ៖ «បើសិនអូនស្លាប់ កុំចូលមកក្បែរសាកសពអូនអី ព្រោះដៃរបស់អូនមិនអាចជូតទឹកភ្នែកឱ្យបងបានទៀតទេ…»៕