នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ មានករណីផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដែលកំពុងតែសាងសង់ពុំទាន់រួចរាល់ ត្រូវបានខ្យល់កន្ត្រាក់ បាក់រលំផ្ទះ កួចប៉ើងដំបូលហោះជាង ១០០ ម៉ែត្រ បុកដើមត្នោត ទៅធ្លាក់លើរោងការរបស់អ្នកក្នុងភូមិ ស្ថិតក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
ហេតុការណ៍នឹកស្មានមិនដល់នេះ បានបណ្តាលឱ្យរងការខូចខាតសម្ភារមួយចំនួន តែមិនបង្កឱ្យអ្នកណារងរបួសនោះឡើយ ខណៈផ្ទះដែលត្រូវខ្យល់កន្ត្រាក់កួចបាក់ ជាផ្ទះតៀមស័ង្កសី ទំហំ ៥ ម៉ែត្រ x៦ ម៉ែត្រ កំពុងសាងសង់ ជិតរួចរាល់ បែរជាត្រូវជួបគ្រោះធម្មជាតិទៅវិញ។ ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ស្រី ផាន់ ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្តី និង កូនប្រុស ១ នាក់ ក្នុងបន្ទុកគ្រួសារ។
តាមប្រភពពីសាច់ញាតិផ្ទះដែលរៀបចំពិធីមង្គលការនៅភូមិកើតហេតុខាងលើ បានបញ្ជាក់ថា ក្រុមគ្រួសារលោក មានកម្មវិធីរៀបមង្គលការក្មួយនៅថ្ងៃស្អែក រោងការក៏សង់រៀបចំរួច ស្រាប់តែនៅម៉ោងខាងលើ មានភ្លៀងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យផ្ទះតៀមស័ង្កសីមួយខ្នង កំពុងសាងសង់ ប៉ើងកួចដំបូល ហោះបុកដើមត្នោត ដាច់មួយដើម ហើយខ្ទាតធ្លាក់លើរោងការ តែមិនបង្កឱ្យអ្នកណារងរបួសនោះឡើយ។
លោកបន្តថា ម្ចាស់ផ្ទះរងគ្រោះមានជីវភាពក្រីក្រ កំពុងខ្វះខាតផង ខំខ្ចីលុយគេយកមកសង់ផ្ទះគ្រាន់បានជ្រក តែត្រូវបានខ្យល់កួចបំបាក់ផ្ទះប៉ើងទាំងដំបូលជាង ១០០ ម៉ែត្រ មកខាងរោងការនៅក្នុងភូមិ៕
ប្រភព ៖ នគរវត្ត