ភាពតានតឹងព្រំដែនកម្ពុជា-ថៃ កាន់តែក្តៅគគុកទៅពីមួយថ្ងៃទៅមួយថ្ងៃៗ ក្រោយពីច្រកនីមួយៗត្រូវបានបិទបន្តកន្ទុយគ្នាជារឿយៗ ខណៈភាគីថៃនៅតែរឹងទទឹងមិនព្រមបើកច្រកដែលខ្លួនបានបិទជាឯកតោភាគីនោះ។
ថ្មីៗនេះ សារព័ត៌មាន Khaosod បាននាំយកសម្តីរបស់មេទ័ពភូមិភាគ ២ លោក Boonsin Padklang ទាក់ទងនឹងការបិទច្រកព្រំដែននេះមកផុសនៅលើបណ្តាញសង្គម ដែលលោក Boonsin Padklang បាននិយាយថា ៖ «តាមការវាយតម្លៃលើស្ថានការណ៍ព្រំដែនបច្ចុប្បន្ននេះ វាអាចទៅរួចនៅថ្ងៃអនាគតដែលអាចមានការបិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ ប៉ុន្តែអ្វីៗត្រូវវាយតម្លៃតាមស្ថានភាពប្រចាំថ្ងៃ។ បើសិនជាមានការប៉ះគ្នាមែននោះ ឱកាសដែលបិទព្រំដែនទាំងអស់នឹងអាចកើតមានពិតមែន។ ទោះយ៉ាងណាក្តី នឹងត្រូវមានវិធានការគ្រប់គ្រងកាន់តែរឹងរ៉ឹង ដែលនេះនឹងត្រូវរង់ចាំមើលពីថ្នាក់ដឹកនាំ»។
យ៉ាងណាមិញ ចំពោះការបិទព្រំដែនរវាងកម្ពុជា-ថៃ គឺផ្តើមចេញពីមេទ័ពភូមិភាគ ២ រូបនេះឯង ដែលបានបញ្ជាឱ្យចាប់ផ្តើមមានការបិទច្រកជាឯកតោភាគី ហើយរហូតមកដល់ពេលនេះក៏នៅតែមិនព្រមបើកឡើងវិញ ថែមទាំងបន្តបិទថែមជាបន្តបន្ទាប់៕
ប្រភព៖ Khaosod