ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាសម្តែងមានប្រជាប្រិយភាព លោក អ៊ុន សិទ្ធា បានចាប់អារម្មណ៍នឹងសំណេរដ៏វែងមួយរបស់លោក ដែលបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្រោយមានអ្នកសួរនាំពីឯកជនភាពលោក ជារឿយៗរាល់ពេលចេញទៅក្រៅ។

ក្នុងនោះ សំណេរដែល តារាប្រុស អ៊ុន សិទ្ធា បានបង្ហោះឡើង បានរៀបរាប់ថា៖ «មកដល់ពេលនេះហើយ គឺនៅតែមានអ្នក ដែលចង់ដឹងពីឯកជនភាពរបស់ខ្ញុំ បេីខ្ញុំចេញពីផ្ទះមិនក្រោម ៥ នាក់ទេ ដែលសួរខ្ញុំ ដូចជា៖ – កាលយកប្រពន្ធ? តែអ្នកសួរខ្ញុំនឹងលែងប្រពន្ធ២ដងហេីយ ទុកឱ្យប្រពន្ធអ្នកមេីលថែកូនៗ។ ល។ – ចូលចិត្តទុកសក់វែងមែន? ម៉េចមិនកាត់ចោលខ្លះទៅ! តែសក់ខ្លួនឯងវិញ ឡេីងប្រាសស្មា ។ – ចូលចិត្តពុកមាត់មែន? ម៉េចមិនកោរចោលទៅ! ទុកចឹងស្រម៉ូមហេីយចាស់ទៀត តែខ្ញុំវិញចង់ទុកចឹងដែរ តែមិនមានដុះសោះ! – ពូកែថែរាងម៉េះ អាយុច្រេីនហេីយនៅតែសង្ហា តែទាស់ត្រង់ចាស់ច្រេីន! សួរអាយុខ្ញុំ ខ្ញុំប្រាប់ត្រង់ទៅ គាត់ថាអាយុគាត់ប្អូនខ្ញុំច្រេីនណាស់ តែគាត់ចាស់ជាងខ្ញុំឆ្ងាយណាស់! សូមពុកម៉ែបងប្អូនគិតតាមការគួរ»។

ជាការពិតណាស់ លោក អ៊ុន សិទ្ធា មិនមែនជាតារាប្រុសទី ១ នោះទេ ដែលធ្លាប់បង្ហាញអារម្មណ៍ក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានគេសួរនាំពីរឿងឯកជនភាពរបស់លោក ពោលគឺធ្លាប់មានតារាប្រុសស្រីជាច្រើនដែលបានបង្ហាញអារម្មណ៍បែបនេះដូចគ្នា ជាពិសេសនោះ គឺសំណួរ ដែលគេតែងសួរថា «ពេលណាយកប្រពន្ធ? ពេលណាយកស្វាមី?» ជាដើម៕




 
				 
															 
															 
															 
															 
															 
															 
															 
															