នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៧ និង ២០ នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ បានបណ្តាលឱ្យកុមារា សឿន សុវណ្ណ អាយុ ១០ ឆ្នាំ(កូន) បានស្លាប់ និង លោក សៀន ស៊ុន អាយុ ៤៣ ឆ្នាំ (ឪពុក) រងរបួសធ្ងន់។

អង្គភាព CMAC បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ អង្គភាពបានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះករណីគ្រោះថ្នាក់នេះ ដោយបានធ្វើការវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដែលកុមារា សឿន សុវណ្ណ បានរើសគ្រាប់ និង ការរៀបរាប់លម្អិតរបស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និង សកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឱ្យមានគ្រោះថ្នាក់កើតឡើង។
ក្នុងនោះ ក្រុមស៊ើបអង្កេតអង្គភាពCMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លាប់ និង របួសនេះ ជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ ១៥៥ មម ជាសំណល់ យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃ បានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ក្រុមជំនាញអង្គភាពCMAC បានស្រាវជ្រាវ និង កំណត់ ទីតាំងភូមិសាស្ត្រចំណុចនេះ ជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2**។
ឆ្លៀតឱកាសនេះ អង្គភាពCMAC ក៏បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និង ភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ ២០២៥។ ករណីបានឃើញគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់ លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និង សូមរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ៕


 
				 
															 
															 
															 
															 
															 
															 
															 
															