កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃមានផ្ទុះករណីឃាតកម្មមួយ ដែលនារីវ័យ ១៩ ឆ្នាំម្នាក់ ត្រូវបានសង្សារកូនប្រុសអ្នកធំសម្លាប់ រួចយកសពទៅចោលនៅវាលស្រែ ដោយសារតែភ្លើងប្រចណ្ឌ។

ហេតុការណ៍មួយនេះបានកើតឡើងក្នុងខេត្ត Chai Nat ប្រទេសថៃ ដោយនារីជាជនរងគ្រោះមានវ័យ ១៩ ឆ្នាំ ជាសិស្សទើបតែចប់ថ្នាក់វិទ្យាល័យ ត្រៀមនឹងឡើងទៅរៀននៅសកលវិទ្យាល័យ រីឯបុរសជាសង្សារមានវ័យ ១៩ ឆ្នាំដូចគ្នា និង ជាកូនប្រុសអតីតសមាជិកក្រុមប្រឹក្សាខេត្តដ៏ល្បីមួយរូប។ តាមការសារភាពពីជនដៃដល់បានឱ្យដឹងថា នៅថ្ងៃកើតហេតុគេនាំបាននាងទៅញ៉ាំអីនៅខាងក្រៅ តែក៏ទាស់សម្តីគ្នានៅតាមផ្លូវ រហូតដល់ទ្រាំមិនបាន ទើបច្របាច់កនាង ទះតប់នាង ដល់ពេលនាងដួលក៏បានលើកជើងទាត់មុខជាច្រើនដងរហូតដល់បាត់មាត់ ទើបចុងក្រោយក៏បានអូសនាងទៅទម្លាក់នៅក្នុងវាលស្រែ។

យ៉ាងណាមិញ ជនដៃដល់បានសារភាពទៀតថា គេធ្វើបែបនេះព្រោះតែខឹងនាងលួចទាក់ទងជាមួយនឹងមិត្តរបស់ខ្លួន។ ដោយឡែក សាកសពរបស់នារីរងគ្រោះត្រូវបានប៉ូលិសយកទៅធ្វើកោសល្យវិច័្ចយបន្ត រីឯជនដៃដល់ក៏ត្រូវបានឃាត់ខ្លួនរងចាំការដំណើរក្តីទៅតាមផ្លូវច្បាប់៕



ប្រភព៖ Sanook