ថ្មីៗនេះ មានករណីការស្លាប់មនុស្សមួយគ្រួសារអស់ចំនួន ៣ នាក់នៅឯប្រទេសថៃ ដោយសារតែការឆក់ជាមួយនឹងខ្សែភ្លើង ដែលបានតដាក់នៅបរិវេណផ្ទះ ដើម្បីកុំឱ្យឆ្កែចូលមកខាំមាន់។
ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅឃុំ Nawong ស្រុក Huai Yot ខេត្ត Trang។ សាកសពមនុស្ស ៣ នាក់ ត្រូវបានគេប្រទះឃើញនៅបរិវេណផ្ទះ ដោយមានបុរសម្នាក់វ័យ ៥០ ជាប្តី និង ស្រ្តីវ័យ ៥២ ឆ្នាំ ជាប្រពន្ធ រួមទាំងស្រ្តីចំណាស់វ័យ ៨៩ ម្នាក់ ដែលត្រូវជាម្តាយរបស់បុរសជាប្តី។
ប៉ូលិសបានរកឃើញថា ម្ចាស់ផ្ទះមានការតខ្សែភ្លើងពីផ្ទះធំទៅកាន់ខ្ទមខាងក្រោយផ្ទះ សង្ស័យដាក់ការពារដើម្បីកុំឱ្យឆ្កែចូលទៅខាំមាន់ដែលខ្លួនបានចិញ្ចឹម តែចៃដន្យអីស្រ្តីជាប្រពន្ធទៅសាខោអាវក៏ស្រាប់តែដើរទៅប៉ះខ្សែភ្លើងនោះ ហើយខាងប្តីក៏រត់ទៅជួយ រីឯស្រ្តីចំណាស់ក៏រត់ទៅជួយថែមទៀត ដែលចុងក្រោយក៏បណ្តាលឱ្យឆក់ស្លាប់ទាំង ៣ នាក់តែម្តង។ ដោយឡែក ក្រោយពីបានចុះត្រួតពិនិត្យ និង ប្រមូលភស្តុតាងរួច ប៉ូលិសក៏បានបញ្ជូនសពទាំង ៣ ទៅវត្តដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ AMARINTV