មានករណីដ៏គួរឱ្យភ្ញាក់ផ្អើល និង គួរឱ្យប្រយ័ត្នមួយនៅប្រទេសថៃ ដែលមានក្មេងអាយុ ៤ ឆ្នាំម្នាក់ លើកទឹកអាស៊ីតមកផឹក ព្រោះស្មានថាជាទឹកក្រូច បណ្តាលឱ្យត្រូវកាត់ក្រពះ និង ពោះវៀនចេញដើម្បីសង្រ្គោះជីវិត។
តាមការឱ្យដឹងពីស្រ្តីវ័យ ៣២ ឆ្នាំដែលជាម្តាយក្មេងប្រុសខាងលើ បានរៀបរាប់ឱ្យដឹងថា នាងបាននាំកូនទៅលេងផ្ទះអ្នកជិតខាងដែលមានអាជីពជាអ្នកចៀរជ័រ តែភ្លេចខ្លួនតែបន្តិច ស្រាប់តែកូនទៅឃើញដបទឹកក្រូច ដែលមានដាក់ទឹកអាស៊ីតរំលាយជ័ររបស់គេនៅមុខផ្ទះ ហើយក៏លើកមកផឹក រួចក៏ក្អួតចេញមកវិញយ៉ាងធ្ងន់ធ្ងរ ទើបនាងប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យដោយក្តីភិតភ័យ។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ក្មេងមានអាការៈខ្លោចឆេះតាំងពីមាត់រហូតដល់ក្រពះ ចុងក្រោយត្រូវកាត់យកសាច់ដែលស្លាប់មួយចំនួនចេញពីក្រពះ និង ពោះវៀនចេញ ដើម្បីជួយសង្រ្គោះ។ ដោយឡែក មកទល់ពេលនេះក្មេងរងគ្រោះហាក់បានធូរសះស្បើយច្រើនហើយ ចំណែកម្តាយវិញក៏បានដាស់តឿនអាណាព្យាបាលដទៃឱ្យមានការប្រយ័ត្នចំពោះកូនៗផងដែរ ដើម្បីកុំឱ្យជួបករណីដូចជាកូនប្រុសរបស់នាង៕
ប្រភព៖ Kapook