ថ្មីៗនេះ នៅក្នុងប្រទេសថៃ កំពុងតែផ្ទុះភ្ញាក់ផ្អើលទៅលើករណីឃាតកម្មមួយថ្មី ដោយបុរសម្នាក់បានលើកដៃសម្លាប់មនុស្សមួយគ្រួសារ មានគ្នា ៣ នាក់ ដោយសារតែខឹងរឿងសុំខ្ចីលុយមិនបាន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅខេត្តកំផែងពេជ្រ ដោយគ្រួសាររងគ្រោះខាងលើមានឪពុកម្តាយ និង កូនប្រុសអាយុ ៧ ឆ្នាំម្នាក់។ អ្នកទាំង ៣ បានបើកឡានចេញពីផ្ទះកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ហើយក៏បានបាត់ខ្លួនតាំងពីពេលនោះមក ទើបតែត្រូវបានគេប្រទះឃើញស្លាប់ទាំង ៣ នាក់នៅក្នុងឡាននាព្រៃមួយកន្លែង កាលពីថ្ងៃ ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយសុទ្ធតែត្រូវគ្រាប់កាំភ្លើងចំក្បាល។
យ៉ាងណាមិញ ខាងប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ដោយបុរសទីមួយជាអ្នកសម្លាប់ រីឯបុរសទីពីរជាអ្នកជួយបំបិទភស្តុតាងសព។ បុរសជាឃាតកបានសារភាពឱ្យដឹងថា គេបានខ្ចីលុយជនរងគ្រោះចំនួន ១ សែនបាត តែក្រោយមកជនរងគ្រោះបែរជាមិនព្រមឱ្យវិញ រួចហើយក៏ប្រើល្បិចឱ្យណាត់ជនរងគ្រោះមកលោះកាំភ្លើង ដែលជនរងគ្រោះក៏បាននាំទាំងប្រពន្ធកូនមកជាមួយ។
បុរសជាឃាតក បែរជាសួរនាំរឿងខ្ចីលុយនោះ រហូតទាល់តែកើតការឈ្លោះទាស់ទែងគ្នា ហើយក៏បានយកកាំភ្លើងមកបាញ់សម្លាប់ជនរងគ្រោះ រួចក៏បានខលហៅបុរសទីពីរឱ្យមកជួយលើកសពដាក់លើឡាន។
ក្រោយមកឃាតកបានយកកាំភ្លើងគំរាមស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ រហូតកើតជាការទាស់ទែងគ្នា ព្រមទាំងជ្រុលដៃទៅបាញ់ចំកូនប្រុសស្លាប់នៅនឹងកន្លែង ហើយទើបសម្រេចចិត្តសម្លាប់ស្រ្តីជាម្ដាយដើម្បីបំបិទមាត់ថែមទៀតតែម្តង។ បន្ទាប់មកក៏បានទៅទិញក្រណាត់មកគ្របឡាន ដើម្បីបិទបាំងមិនឱ្យគេឃើញ តែចុងក្រោយការពិតក៏បានបែកធ្លាយ ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួនបានដូចខាងលើ៕
ប្រភព៖ AMARINTV