នៅវេលាម៉ោងប្រមាណជាង ១ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ មានករណីបុរសជាប្ដីម្នាក់ បានប្រចណ្ឌប្រពន្ធ ក្រោយពីផឹកស៊ីស្រវឹងក៏បានរករឿងវាយប្រពន្ធ ដោយយកដែកសោចាក់ចង្កូតរថយន្តវាយប៉ងសម្លាប់ប្រពន្ធ បែកក្បាលរបួសធ្ងន់ធ្ងរ នៅក្នុងបុរីសន្តិភាព ២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយប្រើអំពើហិង្សា បុរសជាប្ដីស្មានថាប្រពន្ធស្លាប់ហើយ រូបគេក៏បានរត់ទៅចងក សម្លាប់ខ្លួននៅជាប់នឹងដើមលាភមួយដើម នៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចម្ងាយជាង ១០០ ម៉ែត្រពីផ្ទះរបស់ខ្លួន បណ្ដាលឱ្យស្លាប់ ខណៈជនរងគ្រោះជាប្រពន្ធ របួសធ្ងន់ធ្ងរ និង ត្រូវបានកូនៗបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់កើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្ដី មានឈ្មោះ សៀរ នី អាយុ ៥៥ ឆ្នាំ និង ប្រពន្ធមានឈ្មោះ សុខ ហេង អាយុជាង ៤០ ឆ្នាំ គឺជាអាជីវករលក់មាសនៅក្នុងផ្សារបុរីសន្តិភាព ២ និង មានទីលំនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ ក្រោយសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី ២ និង នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ បន្ទាប់មកយកខ្សែចងហ៊ុមព័ទ្ធ ទើបមករាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ ហើយលទ្ធផលនគរបាលបានរកឃើញថា បុរសនោះពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនក្រោយពីវាយប្រពន្ធរួចមែន៕