នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង រវាងប្ដីប្រពន្ធនឹងគ្នា (ស្រីស្រឡាញ់ស្រីដូចគ្នា) បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះបានកើតឡើងតាំងពីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ស្ថិតនៅចំណុចភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទាក់ទិនទៅនឹងករណីនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឱ្យដឹងថា បានកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីរវាងគូភាគីដែលជាប្ដីប្រពន្ធនឹងគ្នា (ស្រីស្រឡាញ់ស្រីដូចគ្នា) ទើបឈានដល់ការកាប់សម្លាប់គ្នា ដោយភាគីម្ខាងបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជនសង្ស័យ បានចោទប្រកាន់ជនរងគ្រោះថាចេះអំពើអាបធ្មប់ បើកចង្កូមរកខាំជនសង្ស័យ។
ជនសង្ស័យមានឈ្មោះ យូ នឿន ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំពង្រ ស្រុករ លាប្អៀរ ខេត្តកំពង់ឆ្នាំង ឯជនរងគ្រោះឈ្មោះ វន សៅរិន្ទ ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និង ត្រូវជាប្ដីប្រពន្ធ (ស្រីស្រឡាញ់ភេទដូចគ្នា)។ ក្នុងករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ជាអ្នកនាំពាក្យ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕
ប្រភព ៖ Fresh News