ត្រឹមជាគំនិតដ៏សាមញ្ញមួយ ដែលចង់ផ្លាល់ប្តូរការព្រីនឯកសារ CV យកទៅដាក់ពាក្យដល់កន្លែងការងារ មកជាការបង្ហោះ CV ដាក់នៅលើអនឡាញ បានធ្វើឱ្យបុរសម្នាក់ក្លាយជាមហាសេដ្ឋី មានប្រាក់ពាន់លានដុល្លារ និង បានផ្តល់ឱកាសការងារដល់មនុស្សជាច្រើននៅទូទាំងពិភពលោក។

ជាការពិត បុរសរូបនេះមានឈ្មោះថា Reid Hoffman លោកបានបង្កើត បណ្តាញសង្គម LinkedIn ជាវេទិកាសម្រាប់ទីផ្សារស្វែងរកការងារ និង បុគ្គលិក ដែលប្រជុំទៅដោយវត្តមាន សហគ្រិន ម្ចាស់អាជីវកម្ម បុគ្គលិកស្ថាប័ន ប្រធានធនធានមនុស្ស។ល។ មកពីគ្រប់ទិសទីជុំវិញពិភពលោក។

ត្រលប់ទៅឆ្នាំ ២០០២ រាល់ឯកសារប្រវត្តិរូប ឬ CV បុគ្គលម្នាក់ៗតែងតែព្រីន ហើយរក្សាវាទុកជាឯកជន។ នៅពេលចង់ដាក់ពាក្យធ្វើការ ទើបយកឯកសារនោះទៅដាក់ដល់ស្ថាប័ន ឬ ក្រុមហ៊ុនផ្សេងៗ។ ខុសប្លែកគ្នាវិញ លោក Reid Hoffman មានគំនិតចម្លែកមួយ ដោយចង់យកឯកសារប្រវត្តិរូប ឬ CV ដាក់បង្ហោះនៅអនឡាញ ដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបានឃើញតែម្តង។

ជាមួយគំនិតចម្លែកនេះ មិត្តរួមបន្ទប់របស់លោកហាក់មិនយល់ស្របឡើយ ដោយនិយាយចំៗថា វាមិនអាចទៅរួច និង ជាគំនិតដ៏ឆ្កួតបំផុត។ សូម្បីតែអ្នកវិនិយោគក៏គេថាវាមិនអាចមានប្រសិទ្ធភាពផងដែរ។

មិនខ្វល់នឹងសម្តីអ្នកដទៃ លោក Reid Hoffman បានបង្កើតវាចេញរូបរាងយ៉ាងពិតប្រាកដ ដែលជាបណ្តាញសង្គមមានឈ្មោះថា LinkedIn។ ត្រឹមតែសប្តាហ៍ដំបូង មានអ្នកចូលប្រើប្រាស់ប្រមាណ ២ ពាន់នាក់។ ពីមួយឆ្នាំទៅមួយឆ្នាំ អ៊ីនធ័រណែតកាន់តែទូលំទូលាយ អ្នកស្វែងរកការងារបានចូលប្រើ LinkedIn ហើយដាក់បង្ហោះ CV ជាបន្តបន្ទាប់ រហូតកើនអ្នកប្រើប្រាស់ខ្ទង់ម៉ឺន ខ្ទង់សែន ខ្ទង់លាននាក់។ មកដល់បច្ចុប្បន្ន LinkedIn មានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់ មកពីគ្រប់ទិសទីជុំវិញពិភពលោក។

អ្វីដែលមិននឹកស្មានដល់ទៀតនោះ នៅក្នុងឆ្នាំ ២០១៦ លោក Reid Hoffman បានលក់ LinkedIn ឱ្យទៅក្រុមហ៊ុន Microsoft ក្នុងតម្លៃ ២៦ ពាន់លានដុល្លារ ដែលនេះជាការទិញយកក្នុងតម្លៃដ៏ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ជាគំនិតផ្លាស់ប្តូរឆ្កួតមួយ តែវាអាចធ្វើឱ្យបុរសម្នាក់ក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ សំខាន់ជាបណ្តាញសង្គមផ្តល់ប្រយោជន៍ជារួម អាចឱ្យមនុស្សគ្រប់គ្នាភ្ជាប់បណ្តាញការងារ និង ផ្តល់ឱកាសការងារដល់មនុស្សទូទាំងពិភពលោក៕

ប្រភព៖ NASD