និយាយពីបវរកញ្ញាភេទទី ៣ កញ្ញា Nean Nean ជាម្ចាស់ជ័យលាភីមួយក្នុងការប្រកួតកម្មវិធី Miss Queen Cambodia 2024 កន្លងទៅ ដែលបានឈ្នះ Grand Winner Miss Queen Cambodia 2024 និង មានតំណែងជា Miss Star Cambodia 2024។
ចំពោះតំណែងជា Miss Star Cambodia 2024 នេះ កញ្ញា Nean Nean បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss Star International 2024 នៅឯប្រទេសប្រេស៊ីល ដែលពេលនោះកញ្ញាទទួលបានលទ្ធផលដ៏ល្អ អាចឈានចូល Top 16 និង ទទួលបានពានរង្វាន់ Miss Congeniality ទៀតផង។
ក្រោយបានបំពេញបេសកកម្មជាច្រើនខែ មកដល់ចុងខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ជារាត្រីដែលបវរកញ្ញា Nean Nean ផ្ទេរតំណែងរបស់ខ្លួន ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសបវរកញ្ញា Nean Nean ផ្ទាល់ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីកម្មវិធី Miss Queen Cambodia 2025 បានប្រកាស Surprise យ៉ាងរំភើបថាសម្រាប់ Grand Winner Miss Queen Cambodia 2025 គឺបានទៅលើកញ្ញា Nean Nean ដដែល។ លើសពីនេះ កញ្ញា Nean Nean នឹងត្រូវត្រៀមខ្លួនតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីថ្មីមួយម្ដងទៀត នៅឯប្រទេសអ៊ីតាលីឆាប់ៗខាងមុខ។
ដោយឡែក បន្ទាប់ពីទទួលបានឱកាសក្ដោបតំណែងជា Grand winner ២ ឆ្នាំជាប់គ្នាមួយរយៈ ស្រាប់តែថ្មីៗនេះ បវរកញ្ញា នៀន នៀន ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍វែកញែកខ្លាំង ខណៈឃើញនាងបង្ហោះសារបកស្រាយជុំវិញរឿងតំណែងនេះបន្តបន្ទាប់ ក្រោយមានអ្នកថានាងមានខ្សែ មានលុយឱ្យកម្មវិធី និង បានដឹងមុនថាម្ចាស់ Grand winner ជារបស់ខ្លួនទៀតផង។
ក្នុងការបកស្រាយនោះ កញ្ញា នៀន នៀន ក៏បានបញ្ជាក់ច្បាស់ៗឱ្យដឹងថានាងពុំបានដឹងមុនថាទទួលបានតំណែង Grand Winner 2 ឆ្នាំជាប់គ្នានេះឡើយ ហើយនាងក៏ពុំបានសប្បាយអរនឹងតំណែងនេះដែរ ដោយគ្រាន់តែព្រមទទួលយកព្រោះតែជាការឱ្យតម្លៃលើរូបនាង។
ក្នុងនោះ កញ្ញា នៀន នៀន បានបង្ហោះរៀបរាប់ថាលើហ្វេសប៊ុកជុំវិញរឿងនេះថា ៖ «បវរកញ្ញាអីតឿម្ល៉េះ មានខ្សែ មានលុយឱ្យគេ រាល់ថ្ងៃខ្ញុំគ្មានសមត្ថភាពសោះមែនអត់? Grand winner 2 ឆ្នាំចឹងឱ្យក្រុមហ៊ុនប៉ុន្មាន? សម្រាប់ខ្ញុំសូមកុំយករូបសម្រស់ខាងក្រៅមកនិយាយ ខ្ញុំមិនដែលយកមកបាំងមុខដើម្បីប្រជាប្រិយភាព មិនដែលតាំងខ្លួនជាមនុស្សអស្ចារ្យ មិនបាច់ក្រុមហ៊ុនជ្រោមជ្រែងក៏នាងខ្ញុំមានសមត្ថភាពលើកខ្លួនឯងឱ្យគេបានស្គាល់ មានរឿងជាច្រើនដែលខ្ញុំទទួលបានពីមនុស្សអវិជ្ជមាន តែខ្ញុំនៅតែវិជ្ជមានទៅកាន់ពួកគេ សម្រាប់ខ្ញុំ I’m always okay with the problem but I just want to make sure that the problem will be okay and face with me»។
នាងបន្តថា ៖ «មកុដខ្ញុំបានទិញគេ ទុកសម្រាប់ថ្ងៃផ្ទេរតំណែងតាំងពី 17 ឧសភា ដែលគ្រាន់តែជាមកុដតំណាង សម្រាប់ប្រើប្រាស់ផ្លូវការ ព្រោះមិនអាចទៅខ្ចី Queen ក្រោយៗយកមកប្រើនោះទេ ខ្ញុំបានរៀបចំរួចហើយសម្រាប់គោលដៅជំហ៊ានរបស់ខ្ញុំនីមួយៗគឺច្បាស់លាស់ រឿងខ្លះមិននិយាយ មិនបកស្រាយ មិនមែនខ្ញុំសំងំធ្វើមិនដឹងខ្យល់ចរិតតួឯក ដូចមតិមួយចំនួនបានបក់មកដល់ត្រចៀកខ្ញុំនោះឡើយ បើខ្ញុំដឹងថាឆ្នាំនេះគ្មាន Grand winner ខ្ញុំចំណាយលុយទៅទិញមកុដតំណាងមកធ្វើអ្វី? ផុសនេះមិនបានពាក់ព័ន្ធសំដៅលើអ្នកណាទេ តែផ្តាំទៅអ្នកដែលមិនស្គាល់ពីខ្ញុំ ហើយវិនិច្ឆ័យខ្ញុំ ដែលមើលឃើញមួយជ្រុងតូច ហើយក៏មិនបានសប្បាយអរនឹង Grand winner 2 ឆ្នាំជាប់គ្នាហ្នឹងដែរ តែខ្ញុំទទួលយកព្រោះជាការឱ្យតម្លៃមកលើខ្ញុំ ទោះលើក្បាលខ្ញុំគ្មានមកុដ ក៏ខ្ញុំនៅតែបន្តកាតព្វកិច្ចរបស់ខ្ញុំ រឿងល្អខ្លះធ្វើហើយមិនបង្ហាញ ក៏មានសេចក្តីសុខផ្លូវចិត្តគ្រប់គ្រាន់ហើយ សូមអភ័យទោសបើការបកស្រាយមួយនេះលើសខ្វះដោយប្រការណាមួយ តែខ្ញុំត្រូវរក្សាកិត្តិយសខ្ញុំដូចគ្នា ពីខ្ញុំបវរកញ្ញាតឿ»៕