មានរឿងរ៉ាវរបស់នារីម្នាក់ ដែលកំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានឈប់ពីការងារមករើសអីវ៉ាន់តាមធុងសំរាម រហូតក្លាយជាអ្នកមាន បានចំណូលមិនចេះតិច ហើយបានដើរលេងជុំវិញពិភពលោកទៀត។

តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះមានឈ្មោះ Melanie Diaz វ័យ ២២ ឆ្នាំ ជាជនជាតិអាមេរិក រស់នៅរដ្ឋ Florida។ នាងបានរៀបរាប់ឱ្យដឹងថា នាងធ្លាប់ឃើញវីដេអូដែលនិយាយអំពីការរកចំណូលបាន ដោយសារតែការរើសអីវ៉ាន់ចាស់ៗពីធុងសំរាម ទើបនាងក៏ចាប់ផ្តើមធ្វើតាមកាលពីឆ្នាំ ២០២៣ កន្លងទៅ។

នាងបានឱ្យដឹងទៀតថា ក្នុងរយៈពេល ២ ឆ្នាំនេះ នាងរើសបានអីវ៉ាន់ច្រើនណាស់ ហើយសុទ្ធតែនៅប្រើប្រាស់បាន ដែលមានដូចជាសៀវភៅ ខោអាវ គ្រឿងតុបតែងផ្ទះ និង របស់របរប្រើប្រាស់ផ្សេងទៀតជាច្រើន ដោយនាងប្រើពេលត្រឹមតែ ៤ ទៅ ៥ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីរើស។

យ៉ាងណាមិញ ការរើសបានអីវ៉ាន់ទាំងនេះ អាចធ្វើឱ្យនាងសន្សំសំចៃបានច្រើនណាស់ លើសពីនេះទៅទៀតនាងរកចំណូលបានចំនួន ៥ ម៉ឺនដុល្លារឯណោះត្រឹមរយៈពេល ២ ឆ្នាំ ហើយនាងក៏សម្រចចិត្តលាចេញពីការងារជាជាងថតរូប មកធ្វើអាជីពនេះឱ្យពេញដៃពេញជើងតែម្តង៕
ប្រភព៖ Khaosod