មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយជំនួសម្ចាស់សក់ និង ចែករំលែកបន្តទុកជាមេរៀន បន្ទាប់ពីមានស្ត្រីម្នាក់បានបង្ហោះរូបភាពលាបពណ៌សក់ និង មានបំណែកសក់ជ្រុះទាំងដុំៗ ភ្ជាប់ជាមួយសារថា ៖ «ហេតុអ្វីដល់ថ្នាក់ហ្នឹង? សងសក់ខ្ញុំភ្លាម»។
បន្ទាប់ពីមានការបង្ហោះបែបនេះ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ តាមរយៈគណនីស្ត្រីដែលជាម្ចាស់សក់មានឈ្មោះ Net Chanphorn បានរៀបរាប់ចែករំលែកជាមេរៀនឱ្យដឹងថា ៖ «ពេលខ្លះកុំចង់ស្អាតជ្រុល តែបើចង់ស្អាតត្រូវសួរជាងថា អាចធ្វើបានអត់? ជាងធ្វើហើយទទួលខុសត្រូវអត់? ពេលខ្លះយើងចេះតែចង់បានដូចគេ តែប៉ះជាងស្ទើរធ្វើឱ្យយើងរៀង ជាងខ្លះចេះតែថាយើងអត់អីៗ ជាងខ្លះបង្ខំឱ្យលាង ជាងខ្លះក៏ឱ្យយោបល់ល្អៗ»។
ម្ចាស់គណនីបានបន្តថា ៖ «ហើយពេលខ្លះកុំមើលងាយជាងតាមភូមិតាមស្រុក ជាងតាមភូមិស្រុកភាគច្រើនល្អជាងជាងនៅផ្សារមួយចំនួនផង ជាងតាមផ្សារមួយចំនួនប្រើរបស់អន់តែថាល្អៗ តែផលិតផលខូចសក់បន្ទោសថាមកពីសក់យើង តែជាក់ស្តែងមុននឹងធ្វើយើងជាជាងត្រូវដឹង។ ចង់ផ្តាំទៅបងៗដែលជាជាង នេះជាមេរៀន»៕