មានស្រ្តីជនជាតិឥណ្ឌួនេស៊ីម្នាក់ បានចេញមុខទម្លាយបទពិសោធពេលពពោះរបស់នាង ដែលមិនងាយបំភ្លេចបាន ដោយនាងកើតមុនពេញផ្ទៃមុខ ហើមមើលសឹងមិនស្គាល់ លុបសម្រស់ពីមុនទាំងស្រុងតែម្តង។
នាងបានរៀបរាប់ឱ្យដឹងថា មុខមាត់របស់នាងចាប់ផ្តើមប្រែប្រួលនៅពេលដែលនាងពពោះបាន ២ ខែ ក្នុងនោះនាងចាប់ផ្តើមឡើងមុនរាល់ថ្ងៃ ទោះជាប្រើគ្រឿងថែរក្សាស្បែកមុខយ៉ាងណាក៏មិនបាត់ រីឯច្រមុះក៏រីកធំទៅៗ ព្រមទាំងផ្ទៃមុខឡើងក្រហមដូចជាត្រូវកំដៅថ្ងៃ។ មុខរបស់នាងមើលទៅដូចជាមនុស្សចាស់ ហើយកាន់តែពពោះយូរទៅ មុខនាងក៏កាន់តែពិបាកមើលទៅៗ ដែលធ្វើឱ្យនាងបាក់ទឹកចិត្តលួចយំជារៀងរាល់ថ្ងៃ ដោយមិននឹកស្មានថានាងមកជួបរឿងបែបនេះ ទាំងដែលអ្នកដទៃពពោះសុទ្ធតែសម្រស់ស្អាតៗ។
យ៉ាងណាក៏ដោយ ជាសំណាងល្អនាងនៅមានប្តីនៅចាំជួយលើកទឹកចិត្តជាប្រចាំ ប្តីតែងតែប្រាប់នាងថាពេលសម្រាលកូនហើយ អ្វីៗនឹងត្រឡប់មកដូចដើម ហើយទោះជានាងទៅជាយ៉ាងណាក៏ដោយក៏នាងនៅតែស្អាតនៅក្នុងកែវភ្នែកគេជានិច្ច។ យ៉ាងណាមិញ នាងក៏បានលើកទឹកចិត្តដល់អ្នកម្តាយដែលកំពុងតែប្រទះបញ្ហាដូចនាងផងដែរថា ពួកគេមិនបានប្រទះរឿងនេះតែម្នាក់ឯងនោះទេ គឺមានអ្នកម្តាយជាច្រើនទៀតកំពុងតែឆ្លងកាត់រឿងនេះដូចគ្នា៕
ប្រភព៖ Kapook