នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងស្រី កែវ សុបញ្ញា ក្រោយឃើញលើហ្វេសប៊ុករបស់អ្នកនាងបានប្ដូររូបភាពប្រូហ្វាល់ទៅជារូបកាន់ទុក្ខ។


ក្នុងនោះ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់ស្វាមីអ្នកនាង កែវ សុបញ្ញា បានឱ្យដឹងថាតារាចម្រៀងស្រីរូបនេះ និង ស្វាមី បានបាត់បង់កូនស្រីជាទីស្រឡាញ់មានអាយុទើបតែ ៤ ខែ ដែលបានទទួលមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។


ចំពោះដំណឹងដ៏ក្រៀមក្រំ និង គួរឱ្យសោកស្ដាយនេះ មហាជន និង អ្នកសិល្បៈជាច្រើន បានបង្ហាញការចូលរួមរំលែកទុក្ខ និង ជួយលើកទឹកចិត្តដល់តារាចម្រៀងស្រីរូបនេះ និង ក្រុមគ្រួសារផងដែរ។

ពេលនេះដែរ ងាកមើលហ្វេសប៊ុករបស់អ្នកនាង កែវ សុបញ្ញា ក៏បានបង្ហោះសារមួយរៀបរាប់ពីដំណឹងបាត់បង់កូនស្រីជាទីស្រឡាញ់ទាំងឈឺចាប់ពេញដោយក្ដីអាល័យ និង បានបួងសួងសូមឱ្យកូនស្រីមកនៅជាមួយម្ដងទៀត។

សារនោះ អ្នកនាង កែវ សុបញ្ញា បានបង្ហោះរៀបរាប់ថា ៖ «កូនកម្សត់ម៉ែអើយ កូនម៉ែលែងឈឺចាប់ទៀតហើយ ម៉ែលែងឱ្យអូនចាក់ថ្នាំទៀតហើយ កូនម៉ែរលត់ អស់បុណ្យ ទៅដោយមិនឱ្យម៉ែពិបាកភ្នែកមើលកូនទេ ម៉ែលាងបាបឱ្យអូនអស់ហើយណាកូន ម៉ែឧទ្ទិសបុណ្យឱ្យកូនរាល់ថ្ងៃឱ្យកូនមកនៅជាមួយម៉ែម្ដងទៀត មកឱ្យស្អាត ល្អ ឱ្យជាណាកូន កុំឱ្យឈឺណាកូនណា។ អូនដូចកំពុងដេកលក់ចឹងណាកូន អូននៅស្រស់ញញឹម»៕

